(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ បានដឹកនាំប្រតិភូសាលារាជធានីភ្នំពេញ ទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុនជាផ្លូវ តាមការអញ្ជើញរបស់អភិបាលក្រុងតូក្យូ និងក្រុងគីតាក្យូស្ស៊ូ ដើម្បីជួបពិភាក្សា ការងារប្តូរបទពិសោធន៍គ្នាលើការងារ គ្រប់គ្រងសន្តិសុខ រៀបចំសណ្តាប់ធ្នាប់ បញ្ហាដឹកជញ្ជូន ពិសេសជួបជាមួយអនុប្រធានអង្គការ JICA ក្នុងគោលបំណង ធ្វើយ៉ាងណាពន្លឿនការបញ្ជូនរថយន្ដក្រុង១៨០គ្រឿង មកដល់រាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដែលបានរួមដំណើរដែរនោះ បានប្រាប់អ្នកសារព័ត៌មាន នៅព្រលានយន្តហោះថា លោក ប៉ា សុជាតិវង្ស អញ្ជើញទៅខេត្តហ៊ូគូអូកា ប្រទេសជប៉ុន ដោយពេលទៅដល់លោកអភិបាល នឹងជួបសម្ដែងការគួរសម ជាមួយលោកប្រធានអង្គការចៃការតែម្ដង នៅទីក្រុងតូក្យូ នៅទីស្នាក់ការធំ។ ជាពិសេស លោក ប៉ា សុជាតិវង្ស ក៏នឹងចូលជួបសម្តែងការគួរសមជាមួយ លោកអនុរដ្ឋមន្ត្រីការបរទេសដែលទើបត្រឡប់ពីបំពេញទស្សនកិច្ចនៅភ្នំពេញនាថ្មីៗនេះ។
លោកបានបន្ថែមថា ប្រទេសជប៉ុនបាន សន្យាផ្ដល់រថយន្ដក្រុង១៨០គ្រឿង ឲ្យមកដល់ប្រទេសកម្ពុជា ឆាប់ៗខាងមុខនេះ មកទាំងបច្ចេកទេសថែមទៀត និងធនធានមនុស្ស ទាំងចំណេះដឹង ខាងធ្វើរថយន្ដក្រុង។ ក្នុងដំណើរទស្សនកិច្ចនេះ គោលបំណងសិក្សាបង្កើតអាងចម្រះទឹកសំអុយ និងកែ លំអរប្រពន្ធ័លូក្នុងរាជធានីភ្នំពេញ និងប្រពន្ធ័នាំទឹកចេញក្រៅក្រុង ឲ្យបានទាន់ពេលវេលា។
លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា ប្រតិភូសាលារាជធានី ក៏បានបន្តដំណើរទៅបំពេញទស្សនកិច្ច នៅទីក្រុង គីតាគ្យុស៊ូ ដើម្បីចុះកិច្ចសហប្រតិបត្តិការ ជាមួយរាជធានីភ្នំពេញ និងទីក្រុងគីតាគ្យុស៊ូ លើការកែលំអរបរិស្ថាន និងកែលំអរប្រពន្ធ័លូ ក៏ដូចអាងចំរោះទឹក បញ្ហាសណ្តាប់ធ្នាប់ ពីព្រោះទីក្រុងគីតាគ្យុស៊ូ និងក្រុងភ្នំពេញ មានស្ថានភាព និងការរស់នៅរបស់ប្រជាជនស្រដៀងគ្នា។
លោកបន្តថា តាមប្រសាសន៍របស់អភិបាលរាជធានី ដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងគីតាគ្យុស៊ូ គឺតាមការណែនាំរបស់សម្តេចតេជោ ឲ្យទីក្រុងទាំង២ ធ្វើកិច្ចសហប្រតិបត្តិការឲ្យកាន់តែ ជិតស្និតសំដៅអភិវឌ្ឍន៍ទីក្រុងភ្នំពេញ ឲ្យកាន់តែប្រសើរឡើង៕