(ណៃពិដោ)៖ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងផែនការរបស់ប្រទេសមីយ៉ាន់ម៉ា ដែលទើបឡើងកាន់តំណែង លោក Kyaw Win បានសារភាពថា សញ្ញាបត្របណ្ឌិត (PhD) របស់គឺក្លែងក្លាយ ដោយលោកបានទិញតាមរយៈអនឡាញពីសកលវិទ្យា Brooklyn Park នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្ដិច នាថ្ងៃទី២៤ ខែមីនា។
អ្នកលេងបណ្ដាញអនឡាញ បានបង្ហាញថា សញ្ញាបត្របណ្ឌិតរបស់លោក Kyaw Win គឺក្លែងក្លាយ ហើយលោក Kyaw Win គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះច្រើនផ្សេងទៀតដែលចាញ់បោក ក្រុមជនជាតិប៉ាគីស្ថានបង្កើតសញ្ញាបត្រក្លែងក្លាយដែលមានបណ្តាញទូទាំងពិភពលោក។
«ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលអ្នកលេងអ៊ីនធើណែតបង្ហាញថា សញ្ញាបត្របណ្ឌិតរបស់ខ្ញុំគឺក្លែងក្លាយ។ ខ្ញុំសារភាពថា សញ្ញាបត្រនោះគឺខ្ញុំបានទិញតាមអនឡាញ ប៉ុន្តែខ្ញុំមិនបានដឹងថា វាជាសញ្ញាបត្រក្លែងក្លាយទេ»។ នេះជាសំដីរបស់លោក Kyaw Win បានថ្លែងប្រាប់អ្នកសារព័ត៌មាន BBC។
ដើមចម ដែលនាំឲ្យបែកធ្លាយរឿងសញ្ញាបត្រក្លែងក្លាយនេះ ដោយសារតែលោក Kyaw Win គឺជាមន្ត្រីថ្មីដែលគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ជ្រើសតាំងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងផែនការ ហើយត្រូវបង្ហាញប្រវត្តិរូបសង្ខេប (CV) ជាសាធារណៈ។
អ្នកនាំពាក្យរបស់គណបក្ស NLD បានថ្លែងប្រាប់អ្នកសារព័ត៌មាន BBC ថា ពាក់ព័ន្ធនឹងរឿងសញ្ញាបត្រក្លែងក្លាយនោះ វាមិនមែនជាបញ្ហាចោទសម្រាប់ការតែងតាំងលោក Kyaw Win ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងផែនការឡើយ៕