(ព្រះវិហារ)៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ដូសទី១ នៅក្រុងព្រះវិហារ ចាប់ពីវេលាម៉ោង០៥៖០០នាទីល្ងាច ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ស្អែកនេះ។
តាមរយៈសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី២៧ខែកក្កដា ឆ្នាំ២០២១នេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្រុងព្រះវិហារទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ សូមមេត្តាមកទទួលវ៉ាក់សាំងកូវីដ១៩ ឱ្យបានរួសរាន់ និងឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលបានកំណត់ក្នុងក្រុងព្រះវិហារ ដោយការចាក់វ៉ាក់សាំងដូសទី១ និងបញ្ចប់នៅល្ងាចម៉ោង៥ស្អែកនេះ។
បើតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ឱ្យដឹង នៅរសៀលថ្ងៃនេះថា មូលហេតុដែលបញ្ចប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ សម្រាប់ក្រុងព្រះវិហារនៅល្ងាចថ្ងៃស្អែកនេះ គឺដោយសារប្រជាពលរដ្ឋរស់នៅក្រុងព្រះវិហារ បានមកទទួលការចាក់វ៉ាក់សាំងដូសទី១ បើគិតមកដល់ពេលនេះប្រហែល៩៦% ហើយ ដូច្នេះ ចំនួនអ្នកដែលមិនទាន់បានមកចាក់វ៉ាក់សាំង គឺនៅតិចតួចទេ។
ប្រធានមន្ទីរសុខាភិបាលខេត្តបានបន្តថា ជាមួយនឹងការបញ្ចប់យុទ្ធនាការរចាក់វ៉ាក់សាំងដូសទី១ នៅក្រុងព្រះវិហារ គឺយើងបានដកក្រុមគ្រូពេទ្យចាក់វ៉ាក់សាំង នៅក្រុងព្រះវិហារ ទៅចាក់នៅស្រុករវៀង និងស្រុកជាំក្សាន្តទៀត ធ្វើយ៉ាងណាឱ្យដំណើរការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានលឿន តាមផែនការដែលបានកំណត់។
លោកវេជ្ជបណ្ឌិត គួង ឡូ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ ប្រជាពលរដ្ឋរស់នៅក្រុងព្រះវិហារ បានទទួលការចាក់វ៉ាក់ការពារជំងឺកូវីដ១៩ សម្រាប់ដូសទី១ បាន៩៤.៩% ស្រុកជាំក្សាន្តបាន៦៨.២% និងស្រុករវៀងបាន៥៩.៨% ផងដែរ។
លោកក៏បានចុះពិនិត្យមើលដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ នៅស្រុករវៀង និងបានប្រជុំជាមួយអាជ្ញាធរស្រុក ឃុំ ដើម្បីរកនីតិវិធីពន្លឿនការចាក់វ៉ាក់សាំងឱ្យបានលឿន តាមផែនការដែលបានគ្រោងទុក៕