(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បាននាំយកថវិកាឧបត្ថម្ភរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រគល់ជូន លោកតា លោកតាយាយ ចំនួន៦នាក់ រស់នៅខេត្ដចំនួន២ គឺខេត្ដកំពង់ចាម និងត្បូងឃ្មុំ ដែលបានស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជីវិតកូវីដ១៩ ដោយក្នុងម្នាក់ៗចំនួន៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះរួចរាល់ហើយ។
លោកតា លោកយាយ ចំនួន៦នាក់ ដែលទទួលបានថវិកាលើកទឹកចិត្ដ ម្នាក់ចំនួន៣លានរៀលពី សម្ដេចតេជោ រួមមាន៖
១៖ លោកយាយ តឹក ឆៃ អាយុ១០១ឆ្នាំ រស់នៅភូមិត្រពាំងពោន ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
២៖ លោក យាយ ផេង យ៉ាន់ អាយុ១០០ឆ្នាំ រស់នៅភូមិត្រើយអូ ឃុំសូសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៣៖ លោកយាយ ប៊ុនសឿន អាយុ១០០ឆ្នាំ រស់នៅភូមិ ច្រេះ ឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៤៖ លោក តា ឯក ប៊ុន អាយុ១០៤ រស់នៅភូមិពោធ៍ ឃុំពោធ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
៥៖ លោកយាយ ឡាយ អុន អាយុ ១០១ឆ្នាំ រស់នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម
៦៖ លោកយាយ ញ៊ែម អ៊ាង អាយុ១០០ឆ្នាំ រស់នៅភូមិតាមាឃចាស់ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ
បើតាមការបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា លោកតា លោកតាយាយ ដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់វគ្គនេះ គឺមានចំនួន១៥នាក់។ រយៈពេលពីរថ្ងៃនេះទី២៦-២៧ ខែកក្កដា ឆ្នាំ២០២១នេះ លោកស្រីបាននាំយកថវិកាឧបត្ថម្ភរបស់ សម្ដេចតេជោ ជូនលោកតា លោកតា បានចំនួន៩នាក់ហើយ ដោយអ្នកបន្ទាប់ លោកស្រីនឹងបន្ដចុះនៅថ្ងៃស្អែកទៀត។
សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,៨៣៩,១០៩នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦៨.៣៩%៕