(ឧត្ដរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូ DBST ១ខ្សែប្រវែង៣, ៦០០ម៉ែត្រ ដោយពង្រីកទទឹងសងខាងម្ខាង២ម៉ែត្រ និងរៀបចំខឿនបេតុងសង្ខាងចិញ្ចើមផ្លូវប្រវែង៧,២០០ម៉ែត្រ ចាប់ពីរង្វង់មូលជ័យវរ្ម័នទី៧ កាត់តាមភូមិឈូក មុខសណ្ឋាគារឈើនប្រាក់កប មុខវត្តប្រាសាទរាជាសំរោង មុខផ្សារសំរោងឆ្ពោះ ទៅកាន់វង្វង់មូលព្រះកេស្វរៈ ស្ថិតក្នុងសង្កាត់ សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកអភិបាលខេត្ត បានលើកឡើងថា ទោះបីជាខណៈពេលនេះជំងឺកូវីដ១៩ នៅតែបន្តរីករាលដាលទូទាំងសកលលោក ក៏ដូចជាសហគមន៍ នៃប្រទេសកម្ពុជាក៏ដោយ ក្នុងនាមអាជ្ញាធរខេត្ត ក៏មិនអាចភ្លេចនូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទាំងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ក៏ដូចជាភ្លើងបំភ្លឺផ្លូវជូនប្រជាពរដ្ឋធ្វើដំណើរតាមដងផ្លូវផងដែរ។
លោកបានបន្តថា ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ត្រូវបានអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ទាំងនេះគឺកើតឡើងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រោមម្លប់សន្តិភាពក្នុងដំបូលតែមួយ។
លោក ប៉ែន កុសល្យ ក៏បានអំពាវនាវ ក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋ ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តឧត្ដរមានជ័យ សូមឱ្យប្រជាពលរដ្ឋគ្រប់រូបចងចាំ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្លួនជានិច្ចនូវវិធានការការពារខ្លួនសាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យខាងតែបាននូវវិធានការ «៣កុំ និង៣ការពារ» ឱ្យជាប់ជាប្រចាំ៕