(ឧត្តរមានជ័យ)៖ លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រគល់រថយន្តក្រុង ចំនួន២គ្រឿង ដែលជាអំណោយនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនដល់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនពលករពីច្រកទ្វារព្រំដែន ទៅកាន់ទីតាំងធ្វើចត្តាឡីស័ក តាមមណ្ឌលនីមួយៗ។
នៅក្នុងឱកាសនោះអភិបាលខេត្តឧត្តរមានជ័យ បានថ្លែងអំណរគុណចំពោះលោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ដែលបានផ្ដល់អំណោយជារថយន្តក្រុង ២គ្រឿង មកដល់រដ្ឋបាលខេត្តឧត្តរមានជ័យ ក្នុងអំឡុងពេលដ៏លំបាកនេះ។
ក្នុងនាមរដ្ឋបាលខេត្ត លោកពិតជាមានសេចក្ដីរំភើបរីករាយ ចំពោះកាយវិការលោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ដែលបានចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ជាមួយរដ្ឋបាលខេត្ត ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោកសន្យានឹងប្រើប្រាស់រថយន្តទាំងនេះក្នុងសកម្មភាពចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងក្របខណ្ឌខេត្តឧត្តរមានជ័យ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
លោក ប៉ែន កុសល្យ ក៏បានថ្លែងណែនាំដល់ស្នងការដ្ឋាននគរបាលខេត្ត ពេលដែលទទួលបានរថយន្តនេះហើយ ត្រូវប្រើប្រាស់រអោយបានល្អ ដោយការថែទាំ ទុកដាក់ឱ្យបានត្រឹមត្រូវ ដើម្បីប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង៕