(ភ្នំពេញ)៖ រដ្ឋាភិបាលបារាំងគ្រោងផ្តល់ជំនួយអភិវឌ្ឍន៍ ចំនួន១៥៤លានអឺរ៉ូ (ប្រហែល១៧១.៩៤លានដុល្លារ) ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា សម្រាប់ឆ្នាំ២០១៦-២០១៧ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ស្ថានទូតបារាំងប្រចាំកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ជំនួយរបស់បារាំងផ្តោតលើវិស័យសំខាន់ពីរ ដែលស្ថិតនៅក្នុងចំណោមអាទិភាព នៃការវិនិយោគរបស់រាជរដ្ឋាភិបាលកម្ពុជា គឺវិស័យសក្តានុពល នៃសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍធនធានមនុស្ស។ ក្នុងន័យនេះ ប្រទេសបារាំងបានផ្តល់ហិរញ្ញវត្ថុ ដល់គម្រោងនានាក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ (គម្រោងស្តារប្រព័ន្ធស្រោចស្រព លើផ្ទៃដី៥០ ០០០ហិចតា) និងហេដ្ឋារចនាសម្ព័ន្ធជនបទ/ទីក្រុង (ក្នុងនោះមានការជួសជុលផ្លូវជនបទប្រវែង១ ២០០គីឡូម៉ែត្រ ការជួសជុលផ្សារធំថ្មី ការសាងសង់ស្ថានីយ៍ចម្រោះទឹកស្អាតជ្រោយចង្វារ និងនិរោធ និងការផ្តល់ហិរញ្ញវត្ថុដល់គម្រោងសាងសង់ ខ្សែរកាបបញ្ជូនអគ្គិសនី ដើម្បីពង្រឹងបណ្តាញជាតិ)។ ប្រទេសបារាំងក៏បានគាំទ្រផងដែរ ដល់គម្រោងទទួលបានហិរញ្ញវត្ថុ នៅតាមទីជនបទ តាមរយ:គម្រោងអគ្គិសនីកម្មជនបទ ទឹកស្អាត ការគាំទ្រដល់ធនាគារអភិវឌ្ឍន៍ជនបទ និងមីក្រូហិរញ្ញវត្ថុបៃតង។

ម៉្យាងវិញទៀត ប្រទេសបារាំងបានរួមចំណែក ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលកម្ពុជាកំពុងត្រូវការចាំបាច់ តាមរយ:ការគាំទ្រដល់ការបណ្តុះបណ្តាល ផ្នែកឧត្តមសិក្សានិងការស្រាវជ្រាវ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ (ជាពិសេសក្នុងវិស័យទេសចរណ៍ និងវាយនភ័ណ្ឌ)៕

សូមអានសេចក្តីប្រកាសព័ត៌មានទាំងស្រុង៖