(កំពង់ឆ្នាំង)៖ ដោយមើលឃើញពីការលំបាករបស់ពលរដ្ឋក្រីក្រ ២គ្រួសារ ដែលមួយគ្រួសារជាអតីតយុទ្ធជន និងកំពុងមានជំងឺប្រចាំកាយ រស់នៅភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលកំពុងជួបការខ្វះខាត ក្នុងគ្រួសារ អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានផ្តល់អំណោយ តាមរយៈលោក សាយ សន្យា ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ឆ្នាំង នាំយកអំណោយចុះប្រគល់ជូនដល់ពួកគាត់ ដើម្បីជួយសម្រួលការលំបាក។
ពលរដ្ឋក្រីក្រ ២គ្រួសារដែលទទួលបានអំណោយរួមមាន៖
*ទី១៖ ឈ្មោះ នង សាខុន អាយុ៥៦ឆ្នាំ ជាអតីតយុទ្ធជន និងជាជនពិការមានជំងឺប្រចាំកាយដើរអត់រួច រស់នៅ ជាមួយកូនស្រីតូចៗ២នាក់
*ទី២៖ ឈ្មោះ ឡុង សារឿន អាយុ ៥៨ឆ្នាំ ទទួលបានអំណោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង មី២កេសតូច ទឹកត្រីមួយឡាំងតូច ទឹកស៊ីអ៊ីវមួយឡាំងតូច និងថវិកាចំនួន១០ម៉ឺនរៀល។
ប្រជាពលរដ្ឋទាំងពីរគ្រួសារ រួមនិងអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណដ៏ធំធេងចំពោះការរួមចំណែករបស់តំណាងអយ្យការសាលាដំបូងខេត្តកំពង់ឆ្នាំង ជួយដល់ ពលរដ្ឋដែលកំពុងជួបការលំបាកខាងនេះ និងសូមជូនពរដល់តំណាងអយ្យការ និងទាំងស្ថាប័នតុលាការទាំងអស់សូមឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើន និងសម្រេចបាននូវគ្រប់ភារកិច្ច៕