(សៀមរាប)៖ លោក អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានគណៈអ៉ីមាំខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៧ ខែកក្កដា នេះ បានយកអំណោយចែកជូនក្រុមគ្រួសារសាសនិកឥស្លាម ដែលកំពុងជួបការលំបាក ខណៈសមាជិកគ្រួសារឆ្លងជំងឺកូវីដ១៩ និងកំពុងធ្វើចត្តាឡីស័ក ស្ថិតនៅក្នុងភូមិស្ទឹងថ្មីសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ក្នុងនោះ ក៏មានការចូលរួមពីសមាគមសម្ព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងសមាជិកគណៈអ៉ីមាំខេត្តផងដែរ។
អំឡុងពេលយកអំណោយចែកជូនពលរដ្ឋនៅពេលនោះ លោក អែល សៀត បានបញ្ជាក់ថា ទោះជាអំណោយនេះតិចតួច ក៏ប៉ុន្តែវាបង្ហាញពីទឹកចិត្តរបស់ថ្នាក់ដឹកនាំ ចំពោះសហគមន៍ក្នុងពេលជួបការលំបាក ហើយវាក៏អាចជួយកាត់បន្ថយទុក្ខលំបាកបានមួយគ្រាផងដែរ។ អំណោយទាំងនោះរួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម មី ១កេះ ត្រីខកំប៉ុង ១យួរ ទឹកសុទ្ធ ២យួរ និងទឹកប្រាប់ចំនួន ៣៤០,០០០រៀល។
លោក អែល សៀត ក៏សូមអំពាវនាវឱ្យទាំងអស់ ដែលមានសមាជិកគ្រួសារឆ្លងជំងឺកូវីដ១៩ សូមអត់ធ្មត់ និងធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ខេត្តសៀមរាប។
គួរបញ្ជាក់ផងដែរ សហគមន៍ខ្មែរ-ឥស្លាម ខេត្តសៀមរាប ចាប់តាំងពីផ្ទុះព្រឹត្តិការណ៍ ២០កុម្ភៈ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ចំនួន ១៧នាក់ និងបានជាសះស្បើយ ៧នាក់៕