Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឪពុក និងកូនប្រុស២នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយឆក់ត្រីខុសច្បាប់នៅតាមទន្លេ

24-03-2016 13:43

(ក្រចេះ)៖ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួន ជនសង្ស័យ៣នាក់ ដែលជាឪពុក និងកូនប្រុស២នាក់ ពាក់ព័ន្ធនិងករណីបទល្មើស ជលផលនេសាទ ដោយឧបករណ៍ឆក់ត្រីខុសច្បាប់ ដែលប្រព្រឹត្តនៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចដងទន្លេមេគង្គ ក្នុងភូមិរការធំ ឃុំជ្រោយបណ្តាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយពួកគេទាំង៣នាក់ ត្រូវបានបញ្ជូនទៅតុលាការ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ។

លោក បែន ប៊ុនណ្ណារ៉ាវុធ នាយផ្នែករដ្ឋបាលជលផល ព្រែកប្រសព្វ បានឲ្យដឹងថា កម្លាំងចម្រុះរួមមាន កម្លាំងជលផលឆ្មាំទន្លេ និងសហគមន៍នេសាទ បានចុះល្បាតក្នុងទន្លេ ស្រាប់តែបានជួបជនសង្ស័យទាំង៣នាក់ កំពុងធ្វើសកម្មភាពឆក់ត្រី ហើយពេលនោះកម្លាំងជំនាញបាន ឃាត់ខ្លួនជាក់ស្តែងតែម្តង។

ជនសង្ស័យទាំងបីនាក់រួមមានទី១ ឈ្មោះ ញឹម សៅ ភេទប្រុស អាយុ៥៤ឆ្នាំ ត្រូវជា ឪពុក ទី២ឈ្មោះ សៅ ឡុង អាយុ១៣ឆ្នាំ ត្រូវជាកូន និងទី៣ឈ្មោះ សៅ បារាំង អាយុ១១ឆ្នាំត្រូវជាកូន អ្នកទាំង៣រស់នៅ ភូមិហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។

កម្លាំងជំនាញបានដកហូតវត្ថុតាងរួមមាន ទូកប្រភេទ អេវប្រវែង៨ម៉ែត្រចំនួន១គ្រឿង ម៉ានស៊ីនកំលាំង៨សេស ចំនួន១គ្រឿង អាគុយ៥០អំពែចំនួន២គ្រឿង អាំងវាទ័រឆក់ត្រីចំនួន២គ្រឿង និងកន្ត្រក់ដួសត្រីចំនួន២។ លោក សៀង កិន នាយខណ្ឌជលផលខេត្តក្រចេះ បានបញ្ជាក់ថា «ច្បាប់រដ្ឋបាលជលផលមាត្រា៩៨នៅចំណុច៤ ជនណានេសាទដោយឧបករណ៍ឆក់ គ្រឿងផ្ទុះ និងសាធាតុពុលត្រូវផ្ដន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី១ ដែលត្រូវដាក់ពន្ធនាគារ ពី៣ឆ្នាំទៅ៥ឆ្នាំ និងវត្ថុតាងត្រូវអូសជាសម្បិត្តិរដ្ឋ ឬបំផ្លាញចោល»