(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីដែលពាក់ព័ន្ធចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅស្រុកកំចាយមារ ខេត្តព្រៃវែង ខណៈស្រុកកំចាយមារ ទទួលបានវ៉ាក់សាំងប្រមាណ២ម៉ឺនដូស ដែលជាប្រភេទវ៉ាក់សាំងអាស៊ីណូហ្វាម។
បើតាមលោក សឿង សុជាតិ អភិបាលស្រុកកំចាយមារបានឱ្យដឹង ថាចំពោះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋនៅក្នុងស្រុកកំចាយមារនេះ គឺស្រុកទទួលបានវ៉ាក់សាំងប្រមាណ ២ម៉ឺនដូស ដែលជាប្រភេទវ៉ាក់សាំងអាស៊ីណូហ្វាមសម្រាប់ចាក់ដល់ប្រជាពលរដ្ឋផងដែរ។
លោកអភិបាលស្រុកបានបន្តទៀតថា នៅក្នុងស្រុកកំចាយមារ មកដល់ពេលនេះមានអ្នកវិជ្ជមានជំងឺកូវីដ១៩ ជិត៥០០នាក់ ស្លាប់ម្នាក់ និងជាសះស្បើយជាង១០០នាក់ និងកំពុងសម្រាកព្យាបាលជាង ៦០នាក់។
នាឱកាសនេះដែរ លោក ជា សុមេធី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ និងបានកសាងខឿនការពារសុខុមាលភាពប្រជាពលរដ្ឋខ្មែរប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ តាមរយៈការស្វះស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនាពេលនេះ និងពេលកន្លងផងដែរ។
លោកអភិបាលខេត្ត បានកោតសរសើរដល់អាជ្ញាធរថ្នាក់មូលដ្ឋានដែលបានបំពេញតួនាទីស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងបម្រើប្រជាពលរដ្ឋបានត្រឹមត្រូវក្នុងពេលផ្តល់សេវាសាធារណៈ ដូចជា៖ ការចេញប័ណ្ណចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ខណៈដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងយ៉ាងកុះករ នៅក្នុងយុទ្ធនាការចាក់វ៉ាក់សាំងនេះតាមវិធានណែនាំរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី គឺ «៣ការពារ និង៣កុំ»។
ជាមួយគ្នានេះលោក ជា សុមេធី បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ នេះត្រូវរក្សាគម្លាតសុវត្ថិភាពឱ្យបានត្រឹមត្រូវ កុំប្រជ្រៀតគ្នា កុំប្រមូលផ្តុំគ្នា ការធ្វើនេះគឺដើម្បីបង្ការកុំឱ្យមានការឆ្លងនៅជំងឺកូវីដ១៩។
លោកអភិបាលខេត្តក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រួច ត្រូវបន្តអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់បំផុតនូវគោលការណ៍ណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ»។
សូមបញ្ជាក់ថា បើគិតត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ខេត្តព្រៃវែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣,៨៣៩នាក់ បានព្យាបាលជាសះស្បើយចំនួន ២,៧៥២នាក់ កំពុងសម្រាកព្យាបាលចំនួន ១,០២២នាក់ និងស្លាប់ចំ នួន ៦៥នាក់ផងដែរ៕