(ព្រះសីហនុ)៖ ខ្មាន់កាំភ្លើងជាជនជាតិចិនម្នាក់ ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនក្រោយផ្ទុះអាវុធចំនួន៣គ្រាប់ ទាំងកណ្ដាលរាត្រីឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលស្ថិតក្នុងក្រុមទី១០ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើការហ៊ុមព័ទ្ធបន្ទប់ដែលកើតហេតុ រហូតដល់វេលាម៉ោង០៦៖៣០នាទីព្រឹក ថ្ងៃកើតហេតុ ទើបធ្វើការឃាត់ខ្លួនបានជនប្រដាប់អាវុធ ដែលជាជនជាតិចិននោះ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន ឈ្មោះ WANG XUDONG អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ លិខិតឆ្លងដែនលេខ EA0900588 ស្នាក់នៅផ្ទះជួល ក្រុមទី១០ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ។ វត្ថុតាងចាប់យកបាន កាំភ្លើងខ្លី ០១ដើម ម៉ាក ZORAKI ពណ៌ទឹកប្រាក់, បង់កាំភ្លើង០១, គ្រាប់កាំភ្លើង ៤៤គ្រាប់, សំបកកាទុស ០៣គ្រាប់, ស្រោមកាំភ្លើង ០១, កាំភ្លើងបាញ់ឆក់ ០១, ខ្នោះដៃ ០១គូរ, កូនកាំប៉ិតស្នៀត ០២, ស្បែកជើងកវែង ០២គូរ, ទូរស័ព្ទដៃ ០២គ្រឿង និងលិខិតឆ្លងដែន ០២ក្បាល។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ហើយក៏ត្រូវបានតុលាការសម្រេចឃុំខ្លួនរួចរាល់ហើយផងដែរ៕