(បន្ទាយមានជ័យ)៖ កម្មកររើសដំឡូងម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ផ្សារកណ្តាល នៃអធិការដ្ឋាននគរបាល ក្រុងប៉ោយប៉ែត សហការជាមួយកម្លាំង ប្រជាការពារភូមិអូរឬស្សី បានចេញស្ទាក់ចាប់ បន្ទាប់ពីជននេះ បានធ្វើសកម្មភាពគាស់ផ្ទះ ប្រជាពលរដ្ឋប្រមូល យកគ្រឿងអលង្ការ ខណៈម្ចាស់ផ្ទះកំពុងជាប់រវល់ ទៅបង្រៀននៅសាលា។
ការឃាត់ខ្លួនជនសង្ស័យរូបនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចផ្ទះរងគ្រោះ ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ពិន ដា អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិអូរនាង មុខកម្មករ រើសដំឡូង។ រីឯ ម្ចាស់ផ្ទះឈ្មោះ លូន សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិក្នុងភូមិខាងលើមានមុខរបរជា គ្រូបង្រៀន។ ក្រោយការឃាត់ខ្លួន យកមកប៉ុស្តិ៍សង្កាត់ផ្សារកណ្តាល ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានគាស់ផ្ទះ ហើយចូលទៅលួចយកគ្រឿងអលង្ការ បានមួយចំនួន។ វត្ថុតាងដែលបានដកហូតពីជនសង្ស័យមាន លោហធាតុពណ៌ក្រហមខ្សែក ចំនួន៣ខ្សែ ក្រវិល២គូ លោហធាតុពណ៌ស ខ្សែក១ខ្សែ លោហធាតុពណ៌ក្រហម៣ខ្សែ និងខ្សែអង្កាំ១ខ្សែ៕