(ត្បូងឃ្មុំ)៖ លោកស្រី សេង សុឃីម អភិបាលរងស្រុកអូរាំងឪ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកសំណើរដេញថ្លៃគម្រោងមូលនិធិឃុំ/សង្កាត់ ឆ្នាំ២០២១ ចំនួន ០៣គម្រោង ក្នុងឃុំចំនួន ០៣ រួមមាន ឃុំទួលសុភី ឃុំគងជ័យ និងឃុំអំពិលតាពក ក្នុងមូលដ្ឋានស្រុកអូរាំងឪ។
ពិធីបើកការដេញថ្លៃនេះក៏មានការចូលរួមពីសំណាក់តំណាងទីចាត់ការផែនការ និងវិនិយោគខេត្ត គណៈកម្មាការលទ្ធកម្មរបស់ឃុំពាក់ព័ន្ធ មន្រ្តីបច្ចេកទេសចុះជួយឃុំទាំង៣ ព្រមទាំងតំណាងក្រុមហ៊ុនដែលមានបំណងចូលរួមការ ដេញថ្លៃគម្រោង ដែលបានធ្វើឡើងនៅបរិវេណវត្តគងជ័យ ស្ថិតនៅឃុំគងជ័យ ស្រុកអូរាំងឪ។
លោកស្រី សេង សុឃីម បានគូសបញ្ជាក់ថា រាល់ការបើកសំណើរដាក់ដេញថ្លៃលើគម្រោងមូលនិធិឃុំ/សង្កាត់ ចាំបាច់ត្រូវអនុវត្តន៍គោរពតាម គោលការណ៏ឲ្យបានត្រឹមត្រូវ ទៅតាមនីតិវិធីលទ្ធកម្ម ដែលបានចែងក្នុងសៀវភៅណែនាំស្ដីពី ការអនុវត្តន៍គម្រោងមូលនីធិឃុំ/សង្កាត់ ជាធរមាន ធានាបានតម្លាភាព យុត្តិធម៌ គុណភាព ដែលរដ្ឋបាលមូលដ្ឋានអាចទទួលយកបានទាំងអស់គ្នា។
លោកស្រី សេង សុឃីម បានបន្ថែមថា ក្រោយការដេញថ្លៃចប់ សូមលោក-លោកស្រី ជាអ្នកទទួលបានសិទ្ធិទទួលការទាំងអស់ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋាន បច្ចេកទេស ដោយធ្វើយ៉ាងណា អនុវត្តគម្រោងសាងសង់ផ្លូវទាំងនេះ ប្រកបដោយគុណភាព បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានយូអង្វែង។
ជាលទ្ធផលក្នុងកិច្ចដំណើរការបើកសំណើរដេញថ្លៃគម្រោងមូលនិធិឃុំ/សង្កាត់ ទាំង៣ សម្រាប់ឆ្នាំ២០២១នេះ ឃុំទួលសុភី បានទៅលើក្រុមទទួលការ យ៉េន ស៊ីនួន ក្នុងតម្លៃ ១៧៤,៥០០,០០០រៀល តាមរយៈគម្រោងសាងសង់ផ្លូវបេតុងអាមេ មានប្រវែង ៤៥០ម៉ែត្រ, ឃុំគងជ័យ បានទៅលើក្រុមហ៊ុនទទួលការ ម៉ៅ អេងជឺ ក្នុងតម្លៃ ២៥៤,៥០០,០០០រៀល តាមរយៈគម្រោងសាងសង់ផ្លូវបេតុងអាមេ មានប្រវែង ៦៥០ម៉ែត្រ និងឃុំអំពិលតាពក បានទៅលើក្រុមទទួលការ ថូ មួយគា ក្នុងតម្លៃ ១៧១,០០០,០០០រៀល តាមរយៈគម្រោងសាងសង់ផ្លូវបេតុងអាមេ មានប្រវែង ៤៥០ម៉ែត្រ ដោយមានការធានាថែទាំរយៈពេល ០៦ខែផងដែរ៕