(កំពង់ធំ)៖ ប្រជាពលរដ្ឋជាច្រើននាក់នៅតាមស្រុកមួយចំនួនរបស់ខេត្តកំពង់ធំ បានរាយការណ៍មកថា មន្ត្រី-សមត្ថកិច្ចជំនាញមួយចំនួន តែងតែយកលេសបង្ក្រាបបទល្មើសនានា ដោយចោទថាប្រជាពលរដ្ឋទាំងនោះទៅឈូសឆាយ ដីព្រៃរបស់រដ្ឋ ឬព្រៃលិចទឹក ហើយចាប់ត្រាក់ទ័ររបស់ពួកគាត់ ដើម្បីទារប្រាក់ពីពួកគាត់ដល់ទៅខ្ទង់ម៉ឺនដុល្លារច្រើនហួសប្រមាណជាហេតុបង្កការរិះគន់យ៉ាងខ្លាំង ប៉ុន្តែមិនទាន់ចំណាត់ការ និងដោះស្រាយជូនប្រជាពលរដ្ឋ ទាំងនោះឡើយ។
តាមសេចក្តីរាយការណ៍មួយចំនួន ដែលបានផ្តល់ជូនអង្គភាពព័ត៌មាន Fresh News សព្វថ្ងៃនេះ មានក្រុមមន្ត្រី និងសមត្ថកិច្ចជំនាញមួយចំនួន បានផ្សំគំនិតជាមួយក្រុមអ្នកកាសែតមួយចំនួន បានចុះទៅគំរាមចាប់យកត្រាក់ទ័រ និងគ្រឿងចក្រ ពីប្រជាពលរដ្ឋដែលឈូសឆាយដី ដើម្បីជំរិតទារប្រាក់ខ្ទង់ម៉ឺនដុល្លារ រួចទើបដោះលែងគ្រឿងចក្រត្រឡប់ទៅវិញ។
ជាក់ស្ដែងមួយ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ ក៏ធ្លាប់មានករណីមេឃុំដូង ស្រុកប្រាសាទបល្ល័ង្ក រាយការណ៍អំពីកម្លាំងមេព្រៃ មន្ត្រីអាវុធហត្ថ និងអ្នកកាសែត ចុះចាប់ត្រាក់ទ័រពីរគ្រឿងរបស់ប្រជាពលរដ្ឋ ដែលបានឈូសឆាយដីស្រែរបស់ខ្លួន នៅភូមិតាមុំ ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ដោយពួកគេតម្រូវឱ្យបង់ប្រាក់លោះយកត្រាក់ទ័រចំនួន ៨,០០០ដុល្លារ។
ដោយឡែក នៅស្រុកស្ទោងវិញ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ក៏មានហេតុការណ៍នេះកើតឡើងផងដែរ ដោយមានក្រុមមន្រ្តីជលផលមួយក្រុម ចុះទៅចាប់ត្រាក់ទ័របស់ប្រជាពលរដ្ឋដោយអះអាងថា ប្រជាពលរដ្ឋទាំងនេះបានឈូសឆាយដីសហគមន៍ ហើយបានជំរិតទារប្រាក់រហូតដល់១ម៉ឺនដុល្លារ ជាដោះលែងវិញ។
ថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News ទាំងក្ដីអស់សង្ឃឹម គ្រួសារប្រជាពលរដ្ឋមួយដែលសុំមិនបញ្ចេញអត្តសញ្ញាណ រស់នៅស្រុកស្ទោង បានឱ្យដឹងថា មន្ត្រីជលផលមួយក្រុមបានចាប់ត្រាក់ទ័ររបស់គាត់ ហើយតម្រូវឱ្យគាត់បង់ប្រាក់ចំនួន ១០,០០០ដុល្លារអាមេរិក ជាការលោះយកគ្រឿងចក្រវិញ។ គាត់ថា កន្លងមក ក៏ធ្លាប់មានអ្នកកាសែតមួយក្រុម មិនដឹងមកពីណា ធ្លាប់មកថតសកម្មភាពគាត់បើកត្រាក់ទ័រឈូសឆាយ ដីស្រែប្រាំងរបស់ខ្លួន ហើយជម្រិតទារប្រាក់ពីគាត់រាប់ពាន់ដុល្លារ ជាថ្នូរដើម្បីបិទការផ្សាយព័ត៌មាន។
ក្រុមចុះចាប់គ្រឿងចក្រនេះដឹកនាំដោយឈ្មោះ ម៉េង នៅខាងជលផល ហើយក៏ជាអ្នកនិយាយទូរស័ព្ទជាមួយម្ចាស់គ្រឿងចក្រ ដើម្បីទារប្រាក់លោះគ្រឿងចក្រវិញចំនួន ១០,០០០ ដុល្លារផងដែរ។ ក្រោយមក ក៏មានអ្នកសម្រេបសម្រួលម្នាក់ទៀតឈ្មោះ សីហា ដែលនៅខាងផ្នែកជលផលជាមួយគ្នា ចេញមុខមកចរចាជាមួយម្ចាស់គ្រឿងចក្របន្តទៀត ដើម្បីសម្របសម្រួលរឿងបង់ថ្លៃលោះ ប៉ុន្តែខាងជលផលនៅតែរឹងត្អឹងក្នុងតម្លៃ ១០,០០០ ដុល្លារនោះដដែល។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រុមសមត្ថកិច្ច និងមន្រ្តីទាំងនេះ មានសេណារីយ៉ូ ៣ជំហានរួមមាន៖
*ទី១៖ ដំបូងឡើយ ពួកគេឱ្យក្រុមអ្នកកាសែតមួយចំនួនដែលជាបក្ខពួករបស់គ្នាគេ ចុះទៅថតយករូបភាពនៅទីតាំងដែលពួកគេអាចកៀបស៉ីបាន ដោយសំឡុតថានឹងចុះផ្សាយព័ត៌មានជាសាធារណៈ ហើយជម្រិតទារប្រាក់ពីម្ចាស់ស្រែ ឬម្ចាស់គ្រឿងចក្រទៅតាមចំនួនដែលគេចង់បាន។
*ទី២៖ ប្រសិនបើជំហានដំបូងមិនបានសម្រេច ពួកគេបញ្ចេញកម្លាំងសមត្ថកិច្ច មានខាងអាវុធហត្ថ នគរបាល ឬខាងជលផល មេព្រៃ ដូចមានរៀបរាប់ខាងលើ ចុះមកដកហូតគ្រឿងចក្រទាំងនោះ យកទៅទុកនៅបញ្ជាការដ្ឋាន អាវុធហត្ថស្រុក ឬទីស្នាក់ការព្រៃឈើ ឬប៉ុស្តិ៍រដ្ឋបាលជាដើម ហើយបន្តការជម្រិតទារប្រាក់ពីប្រជាពលរដ្ឋម្ចាស់គ្រឿងចក្របន្ថែមទៀត ប៉ុន្តែក្នុងចំនួនឡើងខ្ពស់ជាងជំហានទី១ ដែលអាចចូលដល់ខ្ទង់ម៉ឺនដុល្លារ។
*ទី៣៖ ប្រសិនបើជំហានទី២ នៅតែមិនបានសម្រេចទៀត ពួកគេក៏យកច្បាប់មកប្រើវិញម្ដង ដោយបញ្ជូនសំណុំរឿងឡើងទៅព្រះរាជអាជ្ញា ដើម្បីអនុវត្តនីតិវិធីជាមួយស្ថាប័នតុលាការវិញម្ដង ហើយប្រាក់ដែលប្រជាពលរដ្ឋ ត្រូវលះបង់នោះ គឺក្នុងចំនួនច្រើនសឹងតែខ្សោះឈាមអ្នកស្រែ។
ចំពោះយន្តការ នៃការចរចារឿងបង់ប្រាក់វិញនោះ គឺគេឱ្យបុគ្គលផ្សេងទៀតមកចរចាជាមួយប្រជាពលរដ្ឋ។ នេះគ្រាន់តែជាក្បូនត្រួសៗ អំពីរៀបការងារសម័យថ្មីរបស់ក្រុមមន្ត្រីទាំងនេះ។ ប្រជាពលរដ្ឋដែលជួបនូវទុក្ខសោកដោយ សារតែរឿងនេះ គឺមិនតិចនោះឡើយនៅក្នុងខេត្តកំពង់ធំ ឬនិយាយឱ្យចំទៅចុះ គឺច្រើនកើតមាននៅស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក ស្រុកសណ្ដាន់ ស្រុកប្រាសាទសំបូរជាដើម។
ប្រជាពលរដ្ឋនៅស្រុកប្រាសាទបល្ល័ង្ក ក៏ធ្លាប់រងគ្រោះដោយសារក្រុមមន្ត្រីមេព្រៃចុះឃាត់គ្រឿងចក្ររបស់ខ្លួនដែរ ដោយមន្ត្រីទាំងនោះបានជម្រិតទារប្រាក់ពីគាត់ចំនួន ១០,០០០ ដុល្លារ តែគាត់អត់លទ្ធភាព ក៏សុំសម្រួលត្រឹម ៧,០០០ ដុល្លារ តែមន្ត្រីស្រេកឃ្លានលុយទាំងនោះមិនព្រមឡើយ ពលរដ្ឋយើងក៏សុំបង់ត្រឹម ៨,០០០ ដុល្លារ។ ប៉ុណ្ណឹងហើយ ពួកគេក៏នៅតែមិនព្រមទៀត។
នៅក្នុងស្រុកប្រាសាទបល្ល័ង្កនេះដែរ ក៏មានគ្រួសារលោកតាម្នាក់ ត្រូវខាងមេព្រៃចាប់យកគ្រឿងចក្រ និងឃាត់ខ្លួនរបស់លោកតាទៀតដែរ។ គ្រួសារលោកតារូបនោះក៏សុំសម្របសម្រួលនៅត្រឹមកម្រិតស្រុក តែដោះស្រាយបានតែគ្រឿងចក្រប៉ុណ្ណោះ ចំណែកខ្លួនលោកតាដែលចាស់ជរាទៅហើយនោះ ក៏ត្រូវពួកគេបញ្ជូនទៅឃុំខ្លួនអស់ពេល ៤ ថ្ងៃ ដើម្បីរៀបចំសំណុំរឿងបញ្ជូនលោកតាឡើងតុលាការ។
នៅស្រុកសណ្ដាន់ឯណោះវិញ ប្រជាពលរដ្ឋដែលធ្វើការអាស្រ័យផលលើដីរបស់ខ្លួន ក៏ត្រូវក្រុមមន្រ្តីរដ្ឋបាលព្រៃឈើចាប់យកគ្រឿងចក្រទៅដែរ ហើយប៉ុន្មានថ្ងៃមុន មានអ្នកទៅលោះជាបន្តបន្ទាប់ អ្នកខ្លះអស់ ៣ លានរៀល អ្នកខ្លះអស់ ៥ លានរៀន អ្នកខ្លះអស់ ៨ លានរៀល អ្នកខ្លះទៀតក៏អស់ដល់ទៅ ១០ លានរៀលឯណោះ។
អាក្រក់លើសពីនេះទៅទៀត កាលណាសមត្ថកិច្ចយកគ្រឿងចក្ររបស់ប្រជាពលរដ្ឋ ទៅរក្សាទុកនៅស្នាក់ការរបស់ខ្លួនហើយ គឺតែងតែបាត់របស់នេះរបស់នោះពីគ្រឿងចក្រជារឿយៗ តាមដែលអាចស្កឹះស្កៀលបាន។
ទង្វើដ៏គួរឱ្យស្អប់ខ្ពើមនេះប្រៀបបាននឹងការបំផ្លាញសមិទ្ធផលទាំងអម្បាលមានរបស់ថ្នាក់ដឹកនាំ ដែលតែងតែខិតខំស្ថាបនាជូនប្រជាពលរដ្ឋ ពិសេសគឺថែមទាំងបំផ្លាញការជឿទុកចិត្តរបស់ប្រជាពលរដ្ឋ ដែលតែងតែផ្ដល់ការជឿជាក់មកលើរាជរដ្ឋាភិបាល តាមរយៈសន្លឹកឆ្នោតដ៏មានតម្លៃ។ ថ្នាក់ដឹកនាំស្រុកមួយចំនួនក៏ហាក់ដូចជាស្ពឹកដៃស្ពឹកជើង មិនសូវអើពើ នឹងទង្វើរបស់មន្ត្រីអស់នេះឡេីយ ដែលអាចនាំឲ្យប៉ះពាល់ដល់ការបាត់បង់សន្លឹកឆ្លោតនាពេលខាងមុខ។
ក្រោយរងគ្រោះដោយសារអំពីអយុត្តិធម៌ទាំងនេះច្រើនពេក ប្រជាពលរដ្ឋបានសច្ចាថា «ប្រសិនបើពួកមន្ត្រីទាំងនោះនៅតែធ្វើបែបនេះតទៅទៀត មិនខុសពីហែកសន្លឹកឆ្នោតរបស់សម្ដេចតេជោនោះឡើយ»៕