(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អាគារសិក្សាថ្មី១ខ្នង ៦បន្ទប់ នៅក្នុងឃុំស្រែជិៈ ស្រុកសំបូរ ដែលជាជំនួយរបស់អង្គការឆាលហ្វាន់កម្ពុជា។
នាឱកាសនេះដែរ លោកអភិបាលខេត្ត បានថ្លែងថា អគារបឋមសិក្សាថ្មី១ខ្នង ដែលកំពុងធ្វើពិធីសម្ពោធនាពេលនេះ ក្នុងគម្រោង «ងាយស្រួលរៀន» របស់អង្គការឆាលហ្វាន់កម្ពុជា នៅពេលនេះនឹងជួយបន្តពង្រឹងបន្ថែមទៀត ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងពង្រឹងគុណភាពអប់រំ នៅខេត្តក្រចេះរបស់យើងនេះ។
លោក វ៉ា ថន បានបន្តថា ជាការពិតណាស់រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រ ដ៏ទូលំទូលាយមួយសម្រាប់វិស័យអប់រំ ដែលមានចែងលម្អិតក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ២០១៩-២០២៣។ គោលដៅសំខាន់នៃយុទ្ធសាស្ត្រនេះ គឺការលើកស្ទួយ សមត្ថភាពធនធានមនុស្សឱ្យមានមុខជំនាញ បច្ចេកទេស និងវិទ្យាសាស្ត្រខ្ពង់ខ្ពស់ ដែលអាចឆ្លើយតបប្រកបដោយប្រសិទ្ធភាព ទៅនឹងតម្រូវការនៃទីផ្សារ ពលកម្ម មានស្មារតី សហគ្រិនភាព និងគំនិតច្នៃប្រឌិតខ្ពស់មានស្មារតីទទួលខុសត្រូវ មានវិន័យ សីលធម៌ និងគុណធម៌ល្អប្រសើរ មានមនសិការការងារ និងអត្តចរិតស្លូតត្រង់ ដើម្បីលើកស្ទួយការអភិវឌ្ឍប្រទេសជាជាតិ។
លោកអភិបាលបានបន្ថែមទៀតថា បច្ចុប្បន្នកម្ពុជាបាននឹងកំពុងរស់នៅក្នុងពិភពលោកមួយ នៃយុគសម័យឌីជីថល ដែលតម្រូវឱ្យយើងចេះ បច្ចេកវិទ្យា ក្នុងការសិក្សាស្រាវជ្រាវ និងមានបំណិនសតវត្សរ៍ទី២១។ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវយុទ្ធសាស្ត្រកំណែទម្រង់ ការគ្រប់គ្រង ការសិក្សាដោយផ្ដោតលើលទ្ធផលសិក្សារបស់សិស្ស ហើយក្រសួងអប់រំនឹងដាក់បញ្ចូលបច្ចេកវិទ្យា ក្នុងការបង្រៀន និងអនុវត្តស្តង់ដា អំណាន វិធីសាស្ត្របង្រៀនថ្នាក់ទី១ និងទី២ ព្រមទាំងវិធីសាស្ត្រអានក្នុងបណ្ណាល័យ ដើម្បីធានាថាសិស្សមានសមត្ថភាព ចេះអាន សរសេរ និងនិយាយបានត្រឹមត្រូវ។
បន្ថែមពីនេះលោកអភិបាលខេត្តបានបញ្ជាក់ថា ឥឡូវនេះ យើងកំពុងតែជួបនឹងវិបត្តិកូវីដ១៩ សាលារៀនទូទាំងប្រទេសបានបិទទ្វារតាំងពីខែមីនា ឆ្នាំ២០២១ ហើយថ្មីៗនេះ ក្រសួងអប់រំ បានចេញសេចក្ដីណែនាំឱ្យបង្រៀន និងរៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិកដោយអនុវត្តកម្មវិធីសិក្សាបម្រួញ ឱ្យសិស្សរៀនតែមុខវិជ្ជា កាតព្វកិច្ច ការបង្រៀន និងរៀនជាក្រុមតូចៗនៅតាមផ្ទះ ឬកន្លែងសមស្របណាមួយ ការបង្រៀន និងរៀនពីចម្ងាយតាមរយៈការផ្ដល់សន្លឹកកិច្ចការ និងតាមប្រព័ន្ធអេឡិចត្រូនិច ការជួយបង្រៀនកូននៅផ្ទះ និងអនុវត្តវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញឱ្យបានជាប់ជានិច្ច។
ក្នុងនោះដែរ លោក វ៉ា ថន បានអំពាវនាវដល់ដៃគូអភិវឌ្ឍទាំងអស់ជាពិសេស អង្គការ «ឆាល ហ្វាន់កម្ពុជា» ដែលតែងតែផ្ដល់ជំនួយ ដល់ វិស័យអប់រំ ក៏ដូចជា វិស័យផ្សេងៗទៀត សូមជួយបន្តផ្ដល់នូវអ្វី ដែលជាតម្រូវការចាំបាច់ ដល់ប្រជាពលរដ្ឋខេត្តក្រចេះ ក្នុង គោលបំណងរួមគ្នាដើម្បីកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍធនធានមនុស្ស លើទឹកដីខេត្តក្រចេះ៕