(កោះកុង)៖ ដើម្បីចូលរួមទប់ស្កាត់ការពារជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាលក្នុងការជួយព្យាបាលជីវិតប្រជាពលរដ្ឋ និងកាត់បន្ថយនៃការរីករាលដាលឆ្លងចូលក្នុងសហគមន៍ក្នុង «ព្រឹត្តការណ៍២០កុម្ភៈ» អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា នៃកម្ពុជា បានផ្តល់ថវិកាជូនក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ១៩ ចំនួន២០០នាក់ នៃមន្ទីរសុខាភិបាលខេត្តកោះកុង ព្រមទាំងឧបករណ៍បរិក្ខាពេទ្យ និងឧបករណ៍ធ្វើតេស្ត ដើម្បីស្វែងរកមេរោគកូវីដ១៩ សម្រាប់ជួយសង្គ្រោះអ្នកជំងឺកូវីដ។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង, ឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ទៅ មុឹង ប្រធានមន្ទីរសុខាភិបាលខេត្ត រួមទាំងមន្ត្រីក្រោមឱវាទ ជាច្រើនរូបទៀត ដោយអនុវត្តតាមវិធានការសុខាភិបាលយ៉ាងខ្ជាប់ខ្ជួនផងដែរ។
ក្នុងឱកាសនោះដែរ លោក ទៅ មុឹង បានឱ្យដឹងថា ក្នុងនាមលោកតំណាងឱ្យមន្ត្រីសុខាភិបាលទាំងអស់ មានសេចក្តីសោមនស្សរីករាយដែលអ្នកឧកញ៉ា លី យ៉ុងផាត់ មានចិត្តសប្បុរសធម៌បានផ្តល់ឧបករណ៍បរិក្ខាពេទ្យ សម្រាប់ទុកជួយសង្រ្គោះជីវិតមនុស្ស អ្នកមានជំងឺវិជ្ជមានកូវីដ១៩ និងឧបករណ៍សម្រាប់ធ្វើតេស្តស្វែងរកមេរោគកូវីដ១៩ និងបំពង់អុកស៊ីសែន ហើយថវិកាជូនដល់ក្រុមលោកគ្រូពេទ្យព្យាបាលកូវីដ១៩ ចំនួន ២០០នាក់ ក្នុង១នាក់ៗ ចំនួន៥០០,០០០រៀល ផងដែរ។
លោកបានបន្ថែមថា អំណោយសប្បុរសធម៌របស់អ្នកឧកញ៉ា លី យ៉ុងផាត់ ជាឧបករណ៍បរិក្ខាពេទ្យនេះ គឺសម្តែងឱ្យឃើញថា នេះជាការចូលរួមទប់ស្កាត់ការពារកាត់បន្ថយកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដែលប្រទេសជាតិកំពង់មានហានិភ័យខ្ពស់ជាមួយបញ្ហាកូវីដ១៩ ដែលកំពង់ផ្ទុះឡើង ហើយមិនតែប៉ុណ្ណោះ លោកមានកាយវិកាដែលគួរឱ្យកោតសសើរ ដែលបានជួយឧបត្ថម្ភថវិកាដល់ក្រុមគ្រូពេទ្យចំនួន២០០នាក់បន្ថែមទៀត។
បន្ថែមពីនេះលោក ទៅ មុឹងបានបញ្ជាក់បន្ថែមថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល និងឱ្យបំណងសប្បុរសជន លោកយកអំណោយទាំងអស់នេះដាក់ឱ្យក្រុមលោកគ្រូពេទ្យ ប្រើប្រាស់ឱ្យចំគោលដៅ និងអនុវត្តន៍ឱ្យស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាលដាក់ជូន ដើម្បីទប់ស្កាត់ការពារនៃកូវីដ១៩។
ជាមួយគ្នានេះដែល អំណោយសប្បុរសធម៌ទាំងនោះរួមមាន៖ ម៉ាស៊ីនថតកាំរស្មី (Mobile X-ray), ម៉ាស៊ីនតាមដានសញ្ញាជីវិត (Patiernt Monitor) ចំនួន៥ឈុត, ម៉ាស៊ីនផលិតអុកស៊ីសែនចំនួន ១គ្រឿង, អុកស៊ីសែនដបធំ ៤០លីត្រ ចំនួន១០០ឈុត, ឧបត្ថម្ភដល់ក្រុមលោកគ្រូពេទ្យព្យាបាលកូវីដ១៩ ក្នុង១នាក់ៗចំនួន៥០០,០០០រៀល (ចំនួន២០០នាក់) សរុបជាទឹកប្រាក់ចំនួន ៧០,២៥០ដុល្លា។
បន្ថែមពីទៀត ក៏អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមទប់ស្កាត់ការពារនៃជំងឺកូវីដ១៩ កុំឱ្យមានការរីករាលដាលឆ្លងចូលក្នុងសហគមន៍ និងក្រុមគ្រួសារហើយត្រូវអនុវត្តនូវវិធានការណ៍ «៣ការពារ និង៣កុំ» ឱ្យបានខ្ពស់ពីជំងឺកូវីដ១៩ នៅតែមានហាន័ភ័យខ្ពស់ហើយជំងឺនេះ ឆ្លងជាសកលដែលឱ្យពិភពលោកមានក្តីព្រួយបារម្មណ៍កាន់ខ្លាំងឡើងៗ៕