(រតនគិរី)៖ អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ញ៉ែម សំអឿន បានថ្លែងឲ្យដឹងថា ទំនិញចេញ-ចូលទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិមិនខុសទេ បើដឹកតាមច្រករបៀង គឺខុសហើយជាសកម្មភាពលួចលាក់។ ការលើកឡើង របស់អ្នកនំាពាក្យសាលាខេត្តរតនគិរីខាងលើនេះ ស្របពេលដែលមានសេចក្តីរាយការណ៍ថា កាលពីពេលថ្មីៗនេះ មានសកម្មភាពលួចដឹកបារីទៅកាន់ប្រទេសវៀតណាមតាមច្រករបៀង ដោយគ្មានការត្រួតពិនិត្យនោះឡើយ។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News អ្នកនាំពាក្យរូបនេះ បន្តថា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ចម្លងចូលមកកម្ពុជា រាជរដ្ឋាភិបាល បានសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់ការធ្វើដំណើរចេញ-ចូល ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម របស់កម្មករជំនាញ, អ្នកបច្ចេកទេស, បុគ្គលិកនានារបស់ក្រុមហ៊ុនវៀតណាម រយៈពេល១ខែ ដោយអនុវត្តចាប់ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១តទៅ។
លោកថា លើកលែងតែអ្នកជំងឺដែលត្រូវទៅព្យាបាលនៅប្រទេសវៀតណាម, អ្នកការទូត, មន្ត្រីរាជការ ដែលមានបេសកកម្មតាមការអញ្ជើញរបស់អាជ្ញាធរ នៃប្រទេសទាំង២ រួមទាំងនិស្សិត សិក្ខាកាម ដែលបានបញ្ចប់វគ្គសិក្សា ឬករណីមានការអនុញ្ញាតពិសេសពីរាជរដ្ឋាភិបាល។
តាមសេចក្តីរាយការណ៍មួយចំនួនបានឲ្យដឹងថា ការដឹកទំនិញបារីចូលទៅប្រទេសវៀតណាមតាមច្រករបៀងភ្នំក្រហម ស្ថិតក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ នៅតែមានសកម្មភាពគគ្រឹកគគ្រេងដដែល ដោយសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធណាមួយធ្វើការត្រួតពិនិត្យនោះទេ។
ជាក់ស្តែងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ គោយន្តដឹកបារីចេញពីឃ្លាំងនៅក្រុងបានលុង បានធ្វើដំណើរលើផ្លូវជាតិលេខ៧៨ រួចដល់ជិតច្រកទ្វារអន្តរជាតិអូរយ៉ាដាវ បត់ទៅស្តាំដៃកាត់ក្រុមហ៊ុនកៅស៊ូវៀតណាម (៧៤) ឆ្លងទៅវៀតណាមតាមច្រករបៀងភ្នំក្រហម។ សកម្មភាពលួចដឹកទំនិញទៅកាន់ប្រទេសវៀតណាម តាមច្រករបៀងដោយមិនមានការត្រួតពិនិត្យបែបនេះ នឹងប្រឈមការឆ្លងជំងឺកូវីដ១៩ យ៉ាងខ្លាំង៕