( ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានបន្តបើកការជំនុំជម្រះលើសំណុំរឿង លោក ហូរ វ៉ាន់, លោក អ៊ូ ច័ន្ទរ័ត្ន និងលោក ហុង លីម រួមទាំងសមាជិកក្រុមប្រឆាំងជាង១០នាក់ទៀត ពាក់ព័ន្ធនឹងករណីញុះញង់ និងផ្តើមគំនិតញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ដែលប្រព្រឹត្តិកាលពីអំឡុងដើមខែសីហា ឆ្នាំ២០២០ បន្ទាប់ពីលើកពេលអស់ជាច្រើនខែ ។
សវនាការនេះមានការចូលរួមពីមជ្ឈដ្ឋានមួយចំនួនដូចជា ក្រុមមេធាវី អង្គទូតមួយចំនួន អ្នកសង្កេតការអង្គការសិទ្ធិមនុស្ស និងអ្នកសារព័ត៌មានជាដើម។ ជនជាប់ចោទសម្រាប់ការជំនុំជម្រះនេះ ជាបណ្តាញយុវជនខ្មែរថាវរៈ មានដូចជាឈ្មោះ ជុំ វុទ្ធី ហៅ ជុំ ពុទ្ធី , ឈួ ផេង , ថា ឡាវី , មាន ព្រហ្មមុនី, មួង សុភ័ក្រ្ត , កើត សារ៉ាយ (អតីត លោកសង្ឃ) , អេង ម៉ាឡៃ (ស្រី), ហ៊ុន វណ្ណះ , ឈឿន ដារ៉ាវី (ស្រី), គង់ សំអាន និង សេង ម៉េងប៊ុនរ៉ុង (គេចខ្លួន) ដែលពួកគេត្រូវបានចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម។ ដោយឡែក ឈ្មោះ ហូរ វ៉ាន់ (គេចខ្លួន), គង់ សភា (គេចខ្លួន), អ៊ូរ ចាន់រិទ្ធ (គេចខ្លួន), ហុង លឹម (គេចខ្លួន) ត្រូវបានចោទប្រកាន់ពីបទ ផ្ដើមគំនិតក្នុងអំពើញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម។
ក្នុងអង្គសវនាការនេះមាន លោក សំម រិទ្ធីវាសនា ជាតំណាងអយ្យការ និងមានលោក ទិត្យ សុធី បូរ៉ាឆាត ជាចៅក្រមជំនុំជម្រះ ។ ក្រោយសវនការនេះមិនទាន់ត្រូវបានបញ្ចប់ តុលាការបានប្រកាសសម្រេច លើកពេលដោយបានយករឿងនេះ ទៅបន្តជំនុំជម្រះនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១ ខាងមុខទៀត។
ពាក់ព័ន្ធនឹងការជំនុំជម្រះលើរឿងក្តីនេះដែរ អង្គភាពសារព័ត៌មាន Fresh News មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យ ស្ថាប័នអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញបានទេ។
ការចាប់ខ្លួនជនជាប់ចោទ បណ្តាញយុវជនខ្មែរថាវរៈ បានធ្វើឡើងបន្ទាប់ពីពួកគេ នាំគ្នាតវ៉ាទាមទារឱ្យដោះលែងជនជាប់ចោទ រ៉ុង ឈុន ដែលញុះញង់អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម៕