(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងសហគ្រិនខ្មែរ (KE) បានរួមគ្នារៀបចំកម្មវិធីសម្ពោធជាផ្លូវការនូវ កម្មវិធីបណ្តុះបណ្តាល ស្តីពី «ការនាំមុខផ្នែកឌីជីថលូបនីយកម្ម និងបរិវត្តកម្មនៃសេដ្ឋកិច្ចកម្ពុជា» ក្រោមការគាំទ្រ ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កម្មវិធីសម្ភោធ ជាផ្លូវការតាមប្រព័ន្ធ អនឡាញនេះប្រព្រឹត្តក្រោមអធីបតីភាពរបស់លោកបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង លោក វង្សី វិស្សុត, រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីរដ្ឋលេខាធិការ ប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូល និធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.)។
កម្មវិធីបណ្តុះបណ្តាលស្តីពី «ការនាំមុខផ្នែកឌីជីថលូបនីយកម្មនិងបរិវត្តកម្មនៃសេដ្ឋកិច្ចកម្ពុជា» នេះរួមមានស៊េរីនៃសិក្ខាសាលាផ្ទាល់តាមអនឡាញ មុខវិជ្ជាទម្រង់អនឡាញ ការពិភាក្សាជាក្រុម និងការសិក្សាលើគម្រោងនានាដោយសិក្ខាកាម នៅចន្លោះខែកក្កដា ដល់សីហាឆ្នាំ ២០២១។
កម្មវិធីអប់រំនេះត្រូវបានបង្កើតឡើងដោយសាកលវិទ្យាល័យស្ទែនហ្វដតាមរយៈ «មជ្ឈមណ្ឌលស្ទែនហ្វដសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ» (Stanford Center for Professional Development) ដែលឈានមុខគេលើផ្នែកអប់រំតាមប្រព័ន្ធអនឡាញ និងវិសាលភាពទូលំទូលាយនៃការអប់រំ។
សិក្ខាកាមនឹងទទួលបាននូវគន្លឹះសំខាន់ៗជំរុញបរិវត្តកម្មឌីជីថល និងជំនាញចាំបាច់ផ្សេងៗព្រមទាំង យុទ្ធសាស្ត្រសម្រាប់អនុវត្តការងារ និងគ្រប់គ្រងនៅក្នុងអង្គភាពរៀងខ្លួនប្រកបដោយនវានុវត្តន៍។ ក្រោមការផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងដោយមានការគាំទ្រយ៉ាងមុតមាំពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្មវិធីនេះមានគោលបំណងអភិវឌ្ឍអ្នកដឹកនាំ មកពីវិស័យសាធារណៈនិងឯកជន ឱ្យក្លាយ ជាភ្នាក់ងារផ្លាស់ប្តូរប្រកបដោយនវានុវត្តន៍ ចំណេះដឹង និងជំនាញ ដែលគាំទ្រ និង ជំរុញដល់បរិវត្តកម្មឌីជីថល របស់ប្រទេសកម្ពុជា។
បណ្ឌិត ជា វ៉ាន់ដេត បានថ្លែងថា កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងពេលវេលាដ៏សមស្របបំផុត ស្របពេលដែលរាជរដ្ឋាភិបាលទើប បានដាក់ចេញក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល។ ទន្ទឹមនឹងនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កំពុងរៀបចំគោលនយោបាយ រដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ ដែលនឹងដើរតួនាទីជា ផែនទីបង្ហាញផ្លូវសម្រាប់ការផ្ដល់សាវាសាធារណ: ជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរតាមរយៈការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថល។ សកម្មភាពអាទិភាពមួយចំនួន ដែលនឹងត្រូវបានដាក់ចេញរួមមានការកសាងហេដ្ឋា រចនាសម្ព័ន្ធទូរគមនាគមន៍ ដើម្បីធ្វើឱ្យប្រសើរសេវាទូរសព្ទ និងអ៊ីនធឺណិត, ពង្រឹងសមត្ថភាព ICT របស់យើងតាមរយៈការស្រាវជ្រាវ និងការអភិវឌ្ឍន៍, ការកសាងសមត្ថភាព ធនធានមនុស្សក្នុងស្រុក, ការកសាងមជ្ឈមណ្ឌលទិន្នន័យជាតិ និងគោលនយោបាយក្លោដ, និងការលើកកម្ពស់ គណនេយ្យភាព និងតម្លាភាពក្នុងការផ្តល់សេវាសាធារណៈ តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថល។
លោក វង្សី វិស្សុត បានថ្លែងថា កម្មវិធីបណ្តុះបណ្តាលនេះ រួមចំណែកដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថល នៅកម្ពុជា។
លោកបន្តថាកម្មវិធីសិក្សា នេះរៀបចំឡើងស្របតាមបរិបទបច្ចុប្បន្ន និងស្របគ្នាជាមួយក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គម ឌីជីថលកម្ពុជា ឆ្នាំ ២០២១-២០៣៥។ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ដ៏លំបាកនេះ សហគមន៍ធុរកិច្ច និងសហគ្រាសធុនតូច និងមធ្យមត្រូវតែចាប់យកភាពជាអ្នកដឹកនាំខ្លាំង ដើម្បីពន្លឿនឌីជីថលូបនីយកម្មក្នុង ប្រតិបត្តិការរបស់ពួកគេ។ ទន្ទឹមនឹងនេះ វិស័យសាធារណៈក៏ត្រូវការផ្លាស់ប្តូរលឿនជាងមុនផងដែរ ដើម្បីចាប់យក កាលានុវត្តភាពសំដៅបង្កើនប្រសិទ្ធភាពអភិបាលកិច្ចរបស់ខ្លួនផង និងធានានូវភាពពាក់ព័ន្ធនៅក្នុងការប្រែប្រួល បរិបទសេដ្ឋកិច្ចយ៉ាងឆាប់រហ័សផង។
លោកស្រី Carissa Little, ព្រឹទ្ធបុរសរងទទួលបន្ទុកផ្នែកប្រព័ន្ធអប់រំជាសកលនិងអនឡាញ នៃមហាវិទ្យាល័យវិស្វកម្មសាកលវិទ្យាល័យស្ទែនហ្វដ និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្ទែនហ្វដសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ បានថ្លែងក្នុងកម្មវិធីសម្ពោធថា ដូចអ្នកសង្កេតការណ៍ជាច្រើនបានលើកឡើង ជំងឺកូវីដ១៩បានជំរុញនូវតម្រូវការ ឌីជីថលូបនីយកម្មនៅជុំវិញពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។ ដើម្បីលូតលាស់នៅក្នុងបរិបទដែលមានការអភិវឌ្ឍឥតឈប់ឈរនេះ វាទាមទារឱ្យមានជំនាញថ្មីៗជាច្រើន។ សាកលវិទ្យាល័យស្ទែនហ្វដសំបូរទៅដោយបទពិសោធន៍ទាក់ទងនឹងសហគ្រិនភាព ព្រមទាំងសមត្ថភាពក្នុងការសម្របសម្រួល ដល់បរិវត្តកម្មថ្នាក់តំបន់តាមរយៈការអប់រំ។
លោកស្រី Little សង្ឃឹមថា ប្រជាជនកម្ពុជានឹងទទួលបានអត្ថប្រយោជន៍តាមរយៈកម្មវិធីសិក្សានេះ។
ជាមួយនឹងការខិតខំរួមគ្នា កម្មវិធីនេះបានទទួលយកសិក្ខាកាមដែលជាមន្ត្រី និងបុគ្គលិកជាន់ខ្ពស់ចំនួន ១០០ នាក់ មកពីវិស័យសាធារណៈ និងឯកជនជាច្រើន ដើម្បីចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលរយៈពេល ៥ សប្តាហ៍។ កម្មវិធីនេះនឹងត្រូវបាន រៀបចំនៅរាជធានីភ្នំពេញដោយមានការគាំទ្រពី AUPP និងសហគ្រិនខ្មែរ៕