(ព្រះសីហនុ)៖ មុខសញ្ញាលួចត្រង់ហ្វូអគ្គិសនី នៅចំណុចមុខបូរីគុជអាស៉ី ស្ថិតក្នុងក្រុមទី១៤ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ សហការជាមួយកម្លាំងជំនាញប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់លេខ៣ បង្ក្រាបបានចំនួន៣នាក់ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះថា ជនសង្ស័យទាំង៣នាក់ ដែលត្រូវកម្លាំងនគរបាលចាប់ខ្លួន រួមមាន៖ ទី១៖ឈ្មោះ ពេជ្យ រាជ្យ អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់, ទី២៖ឈ្មោះ ពេជ្យ ចាន់ អាយុ២៤ឆ្នាំ មុខរបរជាងភ្លើង និងទី៣៖ ឈ្មោះ ង៉ែត ណារិត អាយុ៣៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ។ រីឯបក្សពួក០២នាក់ទៀត ឈ្មោះ ប្រាក់ និងឈ្មោះ ទាញ កម្លាំងជំនាញកំពុងធ្វើការស្វែងរកចាប់ខ្លួនបន្ត។

ក្នុងពេលចាប់ខ្លួនកម្លាំងនគរបាលជំនាញដកហូតបាន ដែកដង្កាប់ចំនួន០១, សោរលេខ១៩, សោរលេខ២៤ ចំនួន០២ដើម, ក្បាលលេខ១៧ ចំនួន០១ដើម, កន្ត្រៃកាត់ខ្សែភ្លើង ចំនួន០២, ម៉ូតូ១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខព្រះសីហនុ1D-3909, ត្រង់ហ្វូម៉ាក FYJi ELECTRiC មួយគ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញកំពុង ធ្វើការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីបន្តនីតិវិធី៕