(កង់បេរ៉ា)៖ បំណែកយន្តហោះមួយ ដែលត្រូវបានរកឃើញនាពេលថ្មីៗនេះនៅឯឆ្នេរសមុទ្រនៃប្រទេស ម៉ូហ្សាំប៊ិក ត្រូវបានរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសអូស្ត្រាលីលោក Darren Chester លើកឡើងថា វាប្រាកដណាស់ ថាអាចមកពីយន្តហោះ MH370 ព្រោះតែគំរូ ត្រូវគ្នាខ្លាំងណាស់ទៅនឹងប្រភេទ Boeing 777។ នេះបើតាមការផ្សាយរបស់ស៊ិនហួរ នៅមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០១៦។
ការអះអាងដូចខាងលើនេះ ក៏ព្រោះតែយន្តហោះ MH370 ដែលបានបាត់ជាងពីរឆ្នាំមកនេះក៏ជាប្រភេទ Boeing 777 ផងដែរ។ ការពិនិត្យ និង វិនិច្ឆ័យត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលសហការរួម កង់បេរ៉ា ក្នុងសប្តាហ៍នេះ ហើយលទ្ធផលដែលអូស្ត្រាលីទទួលបានគឺវិជ្ជមាន។
លទ្ធផលដូចខាងលើនេះ នឹងនាំឲ្យក្រុមរុករកនៃប្រទេសអូស្ត្រាលី ធ្វើការងារយ៉ាងសកម្មបន្ថែមទៀត នៅហ្នឹងកន្លែងដែលខ្លួនធ្លាប់កំណត់ថាយន្តហោះបាត់កន្លងមក ជាពិសេសនៅដែនសមុទ្រឥណ្ឌាភាគខាងត្បូង ដែលជាប់នឹង តំបន់អាហ្វ្រិកខាងត្បូងតែម្តង។ តំណាក់កាលទីមួយនេះ គេអាចត្រឹមសន្និដ្ឋានបានថា បំណែកដែលត្រូវបានរកឃើញ ប្រាកដណាស់ថានឹងអាចជារបស់ MH370។
គួរបញ្ជាក់ផងដែរថា យន្តហោះដឹកអ្នកដំណើរ របស់ម៉ាឡេស៊ី ជើងហោះហើរ MH370 បានបាត់កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជាមួយមនុស្ស ២៣៩នាក់ ដ៏អាថ៌កំបាំងក្នុងប្រវត្តិសាស្រ្ត ខណៈចេញដំណើរពីទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី ឆ្ពោះទៅកាន់ទីក្រុង Beijing ប្រទេសចិន ហើយគិតមដល់ពេលនេះបានបាត់អស់រយៈជាង២ឆ្នាំ៕