(ប្រេស៊ីល)៖ ប្រទេសប្រេស៊ីលបានអះអាងថា មាន៩០៧ករណី នៃទារកកើតមកមានក្បាលតូចខុសពីធម្មតា និង១៩៨ទារកដែលមានកំណើតមិនប្រក្រតី និងបានស្លាប់ចាប់តាំងពីការរាត្បាតពីវីរ៉ុស Zika បានចាប់ផ្តើមឡើងនៅខែតុលាឆ្នាំមុន នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ។
ក្រុមមន្ត្រីសុខាភិបាល បាននឹងកំពុងធ្វើការលើ ៤,២៩៣ករណីសង្ស័យ នេះបើតាមក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងយ៉ាងដូច្នេះ។ ក្រុមអ្នកវិទ្យាសាស្ត្រប្រេស៊ីល បានឲ្យដឹងថា ការកើនឡើងនៃទារកកើតមកមានក្បាលតូចខុសពីធម្មតា គឺមានការពាក់ព័ន្ធទៅនឹងការផ្ទុះឡើងនៃវីរ៉ុស Zika ដែលចម្លងដោយសត្វមូសនេះ ជាមួយនឹងមនុស្សប្រមាណ ១,៥លាននាក់ បានរងការប៉ះពាល់។
អង្គការសុខភាពពិភលោក បាននឹងកំពុងសិក្សាពីការអាចកើតមានឡើងនៃទំនាក់ទំនង និងបានដាក់ការរាតត្បាតពីវីរ៉ុស Zika គឺជាគ្រោះអាសន្នសុខភាពអន្តរជាតិ។ ជាទូទៅប្រេស៊ីលបានរាយការណ៍ថា មាន១៥០ករណីនៃទារកកើតមកមានក្បាលតូចខុសពីធម្មតា បានកើតឡើងក្នុងមួយឆ្នាំ។ កំណើតដែលមិនប្រក្រតីនេះ ក៏មានការចូលរួមពីស្ត្រីជាម្តាយ ដែលមានរោគស្វាយ, កញ្ជ្រិល ឬក៏ប៉ារ៉ាស៊ីត នៅអំឡុងពេលមានផ្ទៃពោះ៕