(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រមុខអង្គភាពប្រឆាំងអំពើពុករលួយ បានប្រកាសនៅក្នុងកិច្ចប្រជុំថា អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចទទួលយកពាក្យបណ្តឹងក្រុមនិស្សិត ដើម្បីបើកការស៊ើបអង្កេតលើកញ្ចប់ទ្រព្យសម្បត្តិលោក កឹម សុខា បន្ទាប់ពីបានរកឃើញថា សម្លេងនៅក្នុងខែ្សអាត់ដែលបែកធ្លាយ គឺជាសម្លេងលោក កឹម សុខា និង ស្រីមុំ។ លោកបានបញ្ជាក់ថា ទាំងក្នុងសម្លេងខ្សែអាត់ និងសម្លេងខាងក្រៅជាមនុស្សតែមួយ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ទៀតថា ការសម្រេចបើកការស៊ើបអង្កេតលើកញ្ចប់ទ្រព្យសម្បត្តិលោក កឹម សុខា ដើម្បីស្វែងរកថា តើលោក កឹម សុខា ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយឬទេ ដូចលឺក្នុងខ្សែអាត់សម្លេង។ លោក កឹម សុខា បានប្រកាសទ្រព្យសម្បតិ្តចំនួន៣ដង លើកទី១ នៅឆ្នាំ២០១១ លើកទី២ ឆ្នាំ២០១៣ និងលើកទី៣ នៅឆ្នាំ២០១៥ ប៉ុន្តែលោក កឹម សុខា បានចូលខ្លួនមកប្រកាសតាមការកំណត់របស់ច្បាប់ មិនខុសនិតិវិធីនោះទេ។
លោក ជា សំអាត ប្រធាននាយកដ្ឋានបច្ចេកទេស និងកោសល្យវិច័យ នៃអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងអះអាងថា សម្លេងនៅក្នុងខែ្សអាត់ដែលបែកធ្លាយ គឺជាសម្លេងលោក កឹម សុខា និង ស្រីមុំ។ លោកបានបញ្ជាក់ថា ទាំងក្នុងសម្លេងខ្សែអាត់ និងសម្លេងខាងក្រៅជាមនុស្សតែមួយ។
ការថ្លែងអះអាងរបស់ប្រធាននាយកដ្ឋាន កោសល្យវិច័យ នៃអង្គភាពប្រឆាំងអំពើពុករលួយបែបនេះ ធ្វើឡើងនៅក្នុងសន្និសិទ្ធកាសែតមួយ នៅក្នុងការិយាល័យអង្គភាពប្រឆាំងអំពើពុករលួយ នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦នេះ៕