(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានប្រកាសរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី B.1.617.2 ឬហៅថា ដែលតា (Delta) ចំនួន ៣៩ករណីបន្ថែមទៀត ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១។
យោងតាមសេចក្តីជូនព័ត៌មាន ដែល Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានឱ្យដឹងថា ករណីមេរោគកូវីដ១៩ បំប្លែងថ្មី ដែលរកឃើញនេះ មាន ២១ករណី ជាអ្នកដំណើរមកពីប្រទេសថៃ, ៤នាក់ ជាបុគ្គលិកសុខាភិបាល, ប្រជាពលរដ្ឋក្នុងសហគមន៍ដែលប៉ះពាល់ផ្ទាល់ចំនួន ៦នាក់ និងប្រជាពលរដ្ឋក្នុងសហគមន៍មិនប៉ះពាល់ផ្ទាល់ចំនួន ៨នាក់។
ក្រសួងបានឱ្យដឹងដែរថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២៥ ខែកក្កដា កម្ពុជា រកឃើញអ្នកមានវិជ្ជមានមេរោគកូវីដ១៩ បំប្លែងថ្មី Delta ចំនួន ១១៤នាក់ហើយ ក្នុងនោះមានស្ត្រី ៥៩នាក់។
មេរោគកូវីដ១៩ Delta ជាមេរោគមួយដែលកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងនៅលើពិភពលោក ហើយក៏កំពុងបង្កការព្រួយបារម្ភខ្លាំងផងដែរ ដោយសារមេរោគនេះឆ្លងលឿន ហើយបង្កបញ្ហាដល់សុខភាពធ្ងន់ធ្ងរផងដែរ។
ជាមួយការរកឃើញចំនួនអ្នកវិជ្ជមានមេរោគបំប្លែងថ្មីកាន់តែច្រើននេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកហើយរំលឹកទៀត និងអំពាវនាវដោយទទូចដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា ឱ្យបន្តប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួនកុំភ្លេចខ្លួនឱ្យសោះ ដោយត្រូវចេះផ្លាស់ប្ដូរទម្លាប់រស់នៅរបស់ខ្លួនឱ្យស្របតាមពាក្យស្លោកដែលថា «រៀនរស់នៅធម្មតាជាមួយវីរុសកូវីដ-១៩ តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ១៩» សំដៅបង្ការ គ្រប់គ្រង និងកាត់ ផ្តាច់នូវខ្សែចម្លងនៃវីរុសកូវីដ-១៩ ជាពិសេសពពួកប្រភេទបំប្លែងថ្មីនេះ ឬក៏ប្រភេទថ្មីផ្សេងទៀតដែលអាចកើតមានក្នុង ព្រះរាជាណាចក្រកម្ពុជាយើង ជាយថាហេតុណាមួយ ។
លោករដ្ឋមន្ត្រី អំពាវនាវបន្តការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដូចសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលស្តីពីការពង្រឹងការអនុវត្តវិធានការការពារការចម្លងវីរុសកូវីដ-១៩ រួមទាំងពពួកបំប្លែងថ្មី។ ជាពិសេសេបុគ្គលត្រូវចូលរួមជាចាំបាច់ឱ្យបានត្រឹមត្រូវ ខ្ជាប់ខ្លួន និងម៉ត់ចត់ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១។ រីឯបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ និងគោរពទៅតាមការ ណែនាំរបស់ គណៈកម្មការគ្រប់គ្រងនៅទីតាំងនោះ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។
បន្ថែមពីលើនេះ កុំទៅកាន់ទីតាំង ៣ «ជួ» រួមមាន៖ កន្លែងមនុស្សជួបជុំអ៊ូរអរច្រើន កន្លែងមនុស្សនៅជិតៗគ្នា កន្លែងដែលបិទជិត ដែលជាទីតាំងមានហានិភ័យឆ្លងខ្ពស់បំផុត ដូចជាជួបជុំគ្នា ដើម្បីទទួលទានបាយរួម ឬបង្កឱ្យមានជួបជុំ ពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យទានអ្វីមួយ និងកាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះប្រសិនមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើង នៅពេលដែលដល់វេន សូមចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នា។
ក្នុងសេចក្តីជូនដំណឹងនេះ ក្រសួងសុខាភិបាលបានបង្ហាញការសង្កេតរបស់ខ្លួនថា ការចម្លងនាបច្ចុប្បន្ននេះ មានសន្ទុះកើនឡើងលើយុវវ័យ ដែលក្រុមនេះបានដើរចេញក្រៅផ្ទះច្រើន ឬមានការជួបជុំមិត្តភ័ក្ដិ្រ។ ហេតុនេះយុវវ័យគ្រប់រូប ត្រូវចូលរួមអនុវត្ត នូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានម៉ត់ចត់ និងត្រឹមត្រូវលើ «៣ការពារ ៣កុំ» និងកុំទៅកាន់ ទីតាំង ៣ «ជ» ដើម្បីការពារបុគ្គលខ្លួនឯង កុំនាំវីរុសកូវីដ១៩ មកចូលផ្ទះ និងដើម្បីការពារសមាជិកគ្រួសាររបស់ខ្លួន ជាពិសេស ឪពុកម្តាយ ជីដូន ជីតា ឬអ្នកមានជំងឺប្រចាំកាយនៅក្នុងគ្រួសារ ដែលជាបុគ្គលងាយរងគ្រោះ និងប្រឈមខ្ពស់ចំពោះភាពធ្ងន់ធ្ងរនៃជំងឺ ឬឈានទៅដល់ ការស្លាប់បើមានការឆ្លងនូវ វីរុសកូវីដ-១៩នេះ៕