(ព្យុងយ៉ាង)៖ មេដឹកនាំវ័យក្មេងរបស់ប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំដោយផ្ទាល់នូវការធ្វើតេស្តប្រព័ន្ធប្រតិបត្តិការបាញ់គ្រាប់រ៉ុក្កែតធុនធ្ងន់ និងប្រព័ន្ធដាច់ដោយឡែកដទៃទៀត ដើម្បីធានាឲ្យបាននូវសុវត្ថិភាព និងប្រសិទ្ធភាពរបស់វា។ នេះបើតាមការផ្សាយមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០១៦។
បន្ទាប់ពីការត្រួតពិនិត្យ និងសាកល្បងអស់ប៉ុន្មានម៉ោងរួចមក មេដឹកនាំកូរ៉េខាងជើងត្រូវសារព័ត៌មានរដ្ឋ KCNA ដកស្រង់សម្តីរបស់លោក ដែលបានបង្ហាញចេញពីអារម្មណ៍រីករាយចំពោះជោគជ័យ និងការត្រៀមធ្វើតេស្តក្បាលគ្រាប់រ៉ុក្កែត ប្រកបដោយឥទ្ធិពលខ្លាំងព្រមទាំងការសម្រេច បាននូវគោលដៅធំៗលើវិស័យការពារជាតិ តាមរយៈការរីកចម្រើននៃផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងឆ្នាំនេះ។
គួរបញ្ជាក់ថា ការសម្តែងក្តីរីករាយរបស់មេដឹកនាំកូរ៉េខាងជើងនេះ ក៏ព្រោះតែប្រព័ន្ធខាងលើ គឺជាផលិតផលក្នុងស្រុកសុទ្ធសាធ ដែលកូរ៉េខាងជើងព្យាយាមស្រាវជ្រាវ និងអភិវឌ្ឍន៍ដោយខ្លួនឯង ដើម្បីបង្កើនសក្តានុពល លើវិស័យការពារជាតិរបស់ខ្លួន៕