(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអំពាវនាវដល់ព្រះសង្ឃ ប្រជាពលរដ្ឋទាំងអស់ ដែលទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី១ រួចហើយសូមប្រញាប់រួសរាន់មកចាក់ដូសទី២ ឱ្យបានតាមការកំណត់របស់ក្រុមគ្រូពេទ្យទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។
ការអំពាវនាវបែបនេះរបស់លោកអភិបាលខេត្តបានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំក្រុមការងារចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅស្រុកភ្នំស្រុក នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ។
សូមជម្រាបថា ស្រុកភ្នំស្រុក បានដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ព្រះសង្ឃចាប់ពីថ្ងៃទី២៤ ខែកក្កដាមក ឃើញមានវត្តមានបងប្អូនរាប់រយពាន់នាក់ មកចូលរួមចាក់ដោយស្ម័គ្រចិត្ត សម្រាប់ស្រុកភ្នំស្រុកមានវ៉ាក់សាំងបានផ្តល់ជូនប្រមាណ២៩,០០០ដូស ស្មើនឹង ២៩,០០០នាក់ ចាក់ស្រោចទាំង ៦ឃុំទូទាំងស្រុក ត្រូវបានរៀបចំទីតាំងចាក់ចំនួន ៦ទីតាំងតាមបណ្តាឃុំនានា។
នាឱកាសនោះដែរ លោក អ៊ុំ រាត្រី «ក៏បានជម្រាបជូនអ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាលឱ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និងក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់»។
លោកអភិបាលខេត្ត បានបន្តថា បើទោះបីជាបងប្អូនបានធ្វើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ហើយក្ដី ក៏បងប្អូនត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធាន «៣ការពារ និង៣កុំ» ឱ្យបានខ្ជាប់ខ្ជួន។
លោក អ៊ុំ រាត្រី បានបញ្ជាក់ថា វ៉ាក់សាំងដែលចាក់ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការផ្តល់ជូនពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានខិតខំគ្រប់បែបយ៉ាង ដើម្បីរកវ៉ាក់សាំង និងបានដាក់ចេញវិធានការសម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់យើងឱ្យបានគ្រប់ៗគ្នា ដូច្នេះ ហើយបងប្អូនត្រូវគោរពដឹងគុណចំពោះសម្តេច។
ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋទាំងអស់ សូមគោរពថ្លែងអំណរគុណ និងជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ ជន្មាយុយឺនយូរ និងទទួលបានជោគជ័យត្រចះត្រចង់ក្នុងដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន។
ក្នុងឱកាសនោះ លោកអភិបាលខេត្តបានឧបត្ថម្ភថវិកាដល់ក្រុមការងារយុវជនស្រុក ១,០០០,០០០រៀល កម្លាំងនគរបាល ២០០,០០០រៀល និងកម្លាំងកងរាជអាវុធហត្ថចំនួន ២០០,០០០រៀល ផងដែរ៕