(អូស្ត្រាលី)៖ ប្រទេសអូស្ត្រាលី នឹងបង្កើនចំនួនប៉ូលិសនៅតាមតំបន់ធំៗចំនួនពីរប្រភេទ ក្នុងនោះមានទាំង ព្រលានយន្តហោះផងដែរ ដែលនឹងអាចទទួលរងការវាយប្រហារដោយអំពើភេរវកម្ម ដូចទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានស៊ិនហួរ នៅថ្ងៃមុននេះបន្តិច នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ ២០១៦។
បន្ថែមពីការដាក់ពង្រាយកងកម្លាំងនៅព្រលានយន្តហោះទីក្រុងមែលប៊ន នោះអាជ្ញាធរបានសន្យាបង្កើនសន្តិសុខនៅតាមពហុកីឡាដ្ឋាន ដែលនឹងមានការប្រកួតបាល់ទាត់ដ៏សំខាន់នៅយប់ថ្ងៃព្រហស្បតិ៍នេះ។ ប៉ូលិសត្រូវបានគេអះអាងថា នឹងបង្កើនចំនួនលើសពីរដងពីឆ្នាំ ដើម្បីការពារសន្តិសុខជូនប្រជាជន នៅតាមតំបន់ដែលមានមនុស្សកកកុញ។
យ៉ាងណាក៏ដោយនៅក្នុងរដ្ឋ វិចតូរៀ (Victoria) របស់ប្រទេសអូស្ត្រាលី ស្ថានការណ៍ស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ ប៉ុន្តែដោយសារតែអូស្ត្រាលី ជាប្រទេសដែលសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹង ISIS នោះការវាយ ប្រហារនឹងអាចកើតឡើងគ្រប់ពេលវេលាប្រសិនបើ អាជ្ញាធរប្រហែសតែបន្តិចនោះ៕