(ត្បូងឃ្មុំ)៖ ដើម្បីធានាបាននូវគុណភាពផ្លូវជាប់បានយូរល្អ រយៈពេល១សប្តាហ៍កន្លងទៅ ជាពិសេសនាយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ស្ថានីយថ្លឹងរថយន្តអចល័ត ថ្នល់ទទឹងខេត្តត្បូងឃ្មុំ បានបន្តធ្វើការផ្សព្វផ្សាយ និងពង្រឹងវិធានការយ៉ាងតឹងរ៉ឹង ទៅដល់ម្ចាស់យានយន្តដឹកជញ្ជូនធុនធ្ងន់លើសទម្ងន់កំណត់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ពិសេសបើកឆ្លងកាត់ទីតាំងស្ថានីយ។
សកម្មភាពបន្តអនុវត្តន៍ផ្សព្វផ្សាយពង្រឹងវិធានការបែបនេះ ទៅតាមសេចក្តីជូនដំណឹងលេខ ០៤៩សជណ.សក.គតលទ ចុះកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០កន្លងទៅ របស់គណកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ បានបញ្ជាក់យ៉ាងច្បាស់ចំពោះការពិន័យថា រថយន្តធន់ធ្ងន់ទាំងអស់ដែលផ្ទុកលើសចាប់ពី២០ភាគរយ ឡើងទៅត្រូវបាន៖
*ដកបណ្ណបើកបរ ព្យួរទុកចំនួន ០២ឆ្នាំ
*ឃាត់យានយន្តទុកចំនួន ០១ឆ្នាំ ដោយរក្សាទុកនៅទីតាំងណាមួយសមស្រប ហើយម្ចាស់យានយន្តត្រូវទទួលខុសត្រូវលើការលើកដាក់ទំនិញ និងបង់ថ្លៃឈ្នួលកន្លែងទុកដាក់ថែទាំ យានយន្តដោយខ្លួនឯង
*បញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុនចំនួន ០១ឆ្នាំ ក្នុងករណីទទួលរងការពិន័យអន្តរការណ៍រួចម្តងហើយ នៅតែបន្តប្រព្រឹត្តិល្មើសទៀត។
ករណីប្រសិនបើមិនរាងចាលហ៊ានល្មើសបន្តទៀត នឹងអនុវត្តន៍តាមច្បាប់ជាធរមាន ដើម្បីធ្វើយ៉ាងណាថែរក្សាគុណភាពផ្លូវប្រើប្រាស់ឲ្យបានល្អយូរអង្វែង៕