(ភ្នំពេញ)៖ លោក ស៊ូហ្គា យ៉ូស៊ីហ៉ីដេ នាយករដ្ឋមន្រ្តីជប៉ុន បានសម្តែងការប្តេជ្ញាចិត្តខិតខំឲ្យអស់ពីលទ្ធភាព ក្នុងការចូលរួមសហការជាមួយកម្ពុជា ដើម្បីភាពជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប(ASEM) ដែលកម្ពុជាជាម្ចាស់ផ្ទះ។
តាមរយៈសារលិខិតមួយផ្ញើទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ នាយករដ្ឋមន្រ្តីជប៉ុន បានលើកឡើងថា៖ «នៅពេលដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបំពេញតួនាទីដ៏សំខាន់ជាប្រធានអង្គប្រជុំ ខ្ញុំនឹងចូលរួមសហការឲ្យអស់ពីសមត្ថភាពដើម្បីភាពជោគជ័យនៃកិច្ចប្រជុំទាំងនេះ»។
ជុំវិញការលើកឡើងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញពីទន្ទឹងរង់ចាំបំពេញការងារយ៉ាងជិតស្និទ្ធជាមួយ លោកនាយករដ្ឋមន្រ្តីជប៉ុន ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងទាំង ក្របខណ្ឌពហុភាគី ជាពិសេសនៅក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលនឹងត្រូវរៀបចំតាមរយៈប្រព័ន្ធ វីដេអូ នៅខែវិច្ឆិកាឆ្នាំនេះ និងនៅក្នុងឱកាសកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ាន នៅឆ្នាំក្រោយ ដើម្បីជាប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិ និងប្រជាជនប្រទេសទាំងពីរ។
ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដែលនឹងរៀបចំឡើងតាមប្រព័ន្ធវីដេអូ ដោយសារតែការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសការឆ្លងក្នុងសហគមន៍ ២០កុម្ភៈ បានអូសអន្លាយរហូតមក។
ការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ មានការចូលរួមផ្ទាល់ពីសំណាក់បណ្តាក្រុមមេដឹកនាំកំពូលៗមកពីអាស៊ី និងអឺរ៉ុបសរុបចំនួន៥៣ប្រទេស ក្នុងនោះ២១ប្រទេសមកពីអាស៊ី និង៣០ប្រទេសមកពីអឺរ៉ុបព្រមទាំងអគ្គលេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប។
កិច្ចប្រជុំកំពូលនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ដើម្បីលើកកម្ពស់សន្តិភាព វិបុលភាពសេដ្ឋកិច្ច និងវឌ្ឍនភាពសង្គម។ ចំណែកកិច្ចប្រជុំកំពូលនេះ ប្រព្រឹត្តិទៅរៀងរាល់ពីរឆ្នាំម្តង ដោយប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះម្ដងប្រព្រឹត្តិទៅ នៅក្នុងប្រទេសណាមួយជារដ្ឋសមាជិកនៅអឺរ៉ុបហើយម្តងទៀតនៅអាស៊ីផងដែរ៕