(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងដល់ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១ ប្រញាប់ទៅចាក់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលការងារនេះនឹងបន្តរហូតដល់ចុងខែកក្កដា។
យោងតាមសេចក្ដីជូនដំណឹងដែលចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា បានឱ្យដឹងថា ពលរដ្ឋដែលខកខានការចាក់វ៉ាក់សាំងចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកក្កដា កន្លងទៅ ត្រូវរួសរាន់ទៅចាក់នៅមន្ទីរពេទ្យបង្អែកខេត្ត ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទីព្រឹក និងពេលរសៀលពីម៉ោង១ ដល់ម៉ោង៤ ហើយត្រូវទំនាក់ទំនងយកប័ណ្ណចាក់វ៉ាក់សាំងពីអាជ្ញាធរមូលដ្ឋានដែលខ្លួនកំពុងរស់នៅ៕