(ព្រះវិហារ)៖ ចញ្ចើមផ្លូវមួយកន្លែងស្ថិតក្នុងភូមិស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលរងការខូចខាតដោយសារទឹកភ្លៀងហូរច្រោះនោះ ពេលនេះត្រូវបានជួសជុលរួចវិញហើយ ដើម្បីការពារកុំឲ្យគ្រោះថ្នាក់ដល់ ប្រជាពលរដ្ឋជាយថាហេតុ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះថា ថ្ងៃនេះក្រុមការងារថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះជួសជុលចញ្ចើមផ្លូវមួយកន្លែងបន្ទាន់ ដែលរងការខូចខាតដោយសារទឹកភ្លៀងហូរច្រោះ ពេលនេះសម្រេចបាន១០០ភាគរយ អាចឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយសុវត្ថិភាពហើយ។
លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានលើកឡើងថា ទំហំ នៃការហូរច្រោះដែលបណ្តាលមកពីទឹកភ្លៀងនៅពេលនេះ បានធ្វើឲ្យចញ្ចើមផ្លូវនេះខូចខាតល្មមៗទេ ប៉ុន្តែបើយើងមិនយកចិត្តទុកដាក់ ធ្វើការជួសជុលឲ្យទាន់ពេលវេលានោះ នឹងធ្វើឲ្យទឹកហូរច្រោះបណ្តាលឲ្យផ្លូវខូចខាតកាន់តែខ្លាំងមិនខាន ហើយកត្តាសំខាន់ គឺអាចបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ពិសេសទៅលើអ្នកដំណើរ។
លោក សំ លាងទ្រី បានថ្លែងបញ្ជាក់ថា ក្រោមការណែនាំពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូននិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានយកចិត្តទុកដាក់ក្នុងការជួសជុល ថែទាំ ផ្លូវថ្នល់នានាក្រោមការគ្រប់គ្រងរបស់មន្ទីរ មិនឲ្យមានគ្រលុក នឹងសំបុកមាន់នោះទេ។ ពិសេសស្របពេលរដូវវស្សាចូលមកដល់ លោកក៏បានណែនាំដល់ក្រុមការងារជួសជុល ថែទាំផ្លូវថ្នល់ ដែលឈរជើងតាមទីតាំងនានា ត្រូវត្រៀមលក្ខណះប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់ដើរមើលតាមគោលដៅរបស់ខ្លួន ក្រែងមានករណីទឹកហូរច្រោះបណ្តាលឲ្យខូចផ្លូវ ដូចករណីនៅភូមិស្រអែមនេះ៕