(ភ្នំពេញ)៖ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានពន្យល់លម្អិតអំពីអត្ថប្រយោជន៍ដែលទទួលបាន នៅពេលអ្នករកស៊ីតាមអនឡាញ ទៅចុះបញ្ជីពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម។

ការពន្យល់របស់មន្ត្រីជាន់ខ្ពស់ពាណិជ្ជកម្មរូបនេះ ធ្វើឡើងក្នុងកម្មវិធី «ភ្ញៀវពិសេសប្រចាំសប្តាហ៍» របស់ទូរទស្សន៍ Fresh News ក្រោមប្រធានបទ «ហេតុអ្វីអ្នកលក់តាមអនឡាញ ចាំបាច់ត្រូវទៅចុះបញ្ជី នៅក្រសួងពាណិជ្ជកម្ម?»

លោក ប៉ែន សុវិជាតិ បានឲ្យដឹងថា «គោលបំណងដែលក្រសួងពាណិជ្ជកម្ម ជំរុញឲ្យអ្នកប្រកបរបតាមអនឡាញ មកចុះបញ្ជីនៅពេលនេះ ដោយសារតែចង់ឲ្យការធ្វើអាជីវកម្ម តាមប្រព័ន្ធអនឡាញនេះ ប្រព្រឹត្តិឡើងប្រកបដោយទំនុកចិត្ត ដោយបង្កើនផលប្រយោជន៍ជាច្រើន ដល់ធុរជន ទាំងធុរជនរូបវន្ដបុគ្គល និងនីតិបុគ្គល ព្រមទាំងផ្ដល់ប្រយោជន៍ដល់អ្នកប្រើប្រាស់ មានន័យថា កាលណាអតិថិជន ឬអ្នកប្រើប្រាស់ទាំងនេះ ទទួលសេវាផ្ដល់ព័ត៌មាន និងការទិញលក់តាមប្រព័ន្ធអេឡិចត្រូនិក ប្រកបកដោយការធានានូវទំនុកចិត្តនោះ ដែលធ្វើឡើងដោយក្រុមហ៊ុនបានចុះបញ្ជីត្រឹមត្រូវ នៅក្រសួងពាណិជ្ជកម្ម ជាសញ្ញាបង្ហាញថា ភាពរីកចម្រើន និងការគោរពច្បាប់មួយ ព្រមទាំងជាទំនុកចិត្តមួយ ដែលធ្វើឲ្យអាជីវកម្ម អាចរីកលូតលាស់ល្អនៅថ្ងៃអនាគត មិនត្រឹមតែប៉ុណ្ណោះកេរ្ដិ៍ឈ្មោះអ្នកលក់ សហគ្រាស ព្រមទាំងទំនិញនឹងស្ថិតនៅជាឈ្មោះ Brand Name មួយ ដែលត្រូវបានទទួលស្គាល់»។

លោកបញ្ជាក់ថា ការចុះបញ្ជីជាការផ្ដល់អត្ថប្រយោជន៍ទាំងអ្នកលក់ និងជាគោលបំណងរបស់ក្រសួងផងដែរ ដែលចង់គ្រប់គ្រង និងធានាឲ្យបាននូវការធ្វើពាណិជ្ជកម្ម ស្របតាមទម្រង់នៃច្បាប់ និងឈានដល់ការភ្ជាប់ដល់ឆាកអន្ដរជាតិ។ លោកថា ច្បាប់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បង្កើតឡើងមិនត្រឹមតែនៅក្នុងស្រុកទេ ប៉ុន្ដែនឹងអាចធ្វើពាណិជ្ជកម្មដល់ឆាកអន្ដរជាតិផងដែរ ដែលច្បាប់នេះធ្វើឡើងដើម្បីឲ្យទំនាក់ទំនង ជាមួយច្បាប់នៃបណ្ដាប្រទេសក្នុងតំបន់អាស៊ាន ហើយនឹងឈានទៅអភិវឌ្ឍន៍ការងារនេះ នៅក្នុងថ្នាក់តំបន់ និងជាសាកល។

លោកបានបន្ដថា អង្គការពាណិជ្ជកម្មពិភពលោក បានចាប់ផ្ដើមទទួលស្គាល់ ការរៀបចំធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកនេះ ដែលបានផ្ដល់ផលប្រយោជន៍ និងកាត់បន្ថយចំណាយមួយចំនួន ព្រមទាំងបង្ខិតនូវទំនាក់ទំនងរវាងអ្នកទិញ និងអ្នកលក់ ដែលជំរុញ និងសម្រួលឲ្យដំណើរការអាចប្រព្រឹត្តិ ទៅប្រកដោយផលប្រយោជន៍ និងមានភាពចំណេញច្រើនជាងប្រព័ន្ធដទៃ។

ជាក់ស្ដែងក្នុងកាលៈទេសៈនៃជំងឺកូវីដ១៩នេះ ប្រសិនជាអាចធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ប្រកបដោយតម្លារភាព ដូច្នេះអាចធានាបាននូវការការពារផលប្រយោជន៍ របស់អ្នកប្រើប្រាស់ ធានាបាននូវទំនុកចិត្ត ដែលបង្ហាញជូនពីអ្នកប្រើប្រាស់ ទៅលើអាជីវករ និងពាណិជ្ជករផ្សេងៗ។

លោកបន្ដថា «ក្រសួងមានបំណងចង់ឲ្យការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអនឡាញ ប្រព្រឹត្តិទៅរៀបរយ កាលណាចុះបញ្ជីបានផ្ដល់ផលប្រយោជន៍ ដល់រាជរដ្ឋាភិបាល ដូចជា ការប្រមូលពន្ធ ប៉ុន្ដែមិនមានន័យថា ការចុះបញ្ជីនេះតម្រូវឲ្យប្រមូលពន្ធតែម្យ៉ាងនោះទេ ជាក់ស្ដែងដូចក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលបានលើកលែង ការបង់ពន្ធចំពោះអាជីវកម្មមួយចំនួន ប៉ុន្ដែយើងបានសម្លឹងទៅកាន់អនាគតវែងឆ្ងាយ នៅពេលប្រទេសជាតិ ឈានទៅប្រើប្រាស់ ទំនាក់ទំនងប្រព័ន្ធអេឡិចត្រូនិក។

លោកបន្ថែមទៀតថា យើងបានដឹងហើយថា យើងកំពុងស្ថិតក្នុងស្ថានភាពនៃការរីករាលដាលជំងឺកូវីដ១៩ ការរកស៊ីតាមរបៀបរូបវន្ដបុគ្គលដែលធ្វើដំណើរ ទៅទិញទំនិញតាមផ្សារទំនើបនានា ត្រូវបានហាមឃាត់នៅក្នុងអំឡុងពេល នៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងនោះក៏មានផ្សារធំៗមួយចំនួន បានផ្អាកដំណើរការ ដូច្នេះទើបធ្វើឲ្យអាជីវកម្មអនឡាញ មានការរីកលូតលាស់ជាខ្លាំង។

បើតាមពិតក្រសួងពាណិជ្ជកម្ម បម្រុងរៀបចំឲ្យមានការចុះបញ្ចី តាំងពីច្បាប់ការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក បានចូលជាធរមានមកម្ល៉េះ ប៉ុន្ដែមានការយឺតយ៉ាវខ្លះ ក្នុងការផ្សព្វផ្សាយព្រមទាំងរង់ចាំប្រកាសសម្រាប់ការអនុវត្តន៍ និងអនុក្រឹត ស្ដីពីការកំណត់កម្រៃសេវា សម្រាប់ការចុះបញ្ជីនេះ ដូច្នេះហើយទើបធ្វើឲ្យមានការ អូសបន្លាយពេលវេលាមកដល់ពេលនេះ។

លោកបន្ថែមថា រហូតមកដល់ពេលនេះ ក្រសួងពាណិជ្ជកម្ម កំពុងស្ថិតក្នុងការអំពាវនាវនៅឡើយ មិនទាន់ឈានដល់ការដាក់កំហិត កំណត់ពេលវេលានោះទេ ក្រសួងធ្វើការអំពាវនាវដើម្បីឲ្យធុរជនទាំងអស់ ព្រមទាំងរូបវន្ដបុគ្គល ឬនិតីបុគ្គលក្ដី បានយល់ថាខ្លួនមានកាតព្វកិច្ចមកចុះបញ្ជី និងសុំលិខិតអនុញ្ញាត ដើម្បីប្រកបអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក៕