(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ដោយប្រាប់ឲ្យប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័ត បញ្ឈប់រាល់ការរំខានដល់អ្នកប្រើប្រាស់ តាមការហៅចូលលេខទូរសព្ទ ជាបន្ទាប់។

ការបញ្ជានេះ ធ្វើឡើងបន្ទាប់ពីកន្លងមក និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) បានរកឃើញថា ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តមួយចំនួនបាន ប្រើប្រាស់លេខកូដខ្លី ឬលេខផ្សេងៗគ្នាជាច្រើន ហៅចូលទៅកាន់អ្នកប្រើប្រាស់ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្មអំពី សេវាបន្ថែម (VAS) របស់ខ្លួន ដោយអ្នកប្រើប្រាស់មិនបានចុះឈ្មោះប្រើប្រាស់ជាមុន ដែលសកម្មភាពនេះបាន រំខានដល់ជីវភាពប្រចាំថ្ងៃនិងផ្ទុយពីឆន្ទៈរបស់អ្នកប្រើប្រាស់។

ក្នុងន័យនេះ និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្តីណែនាំ ដល់ប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័តទាំងអស់ ដូចខាងក្រោម៖
១៖ បញ្ឈប់រាល់ការរំខានដល់អ្នកប្រើប្រាស់ តាមការហៅចូលលេខទូរសព្ទចល័តជាបន្ទាប់ ព្រោះសេវាហៅ ចូលនេះពុំមានការចុះឈ្មោះប្រើប្រាស់ជាមុន ដោយអ្នកប្រើប្រាស់ឡើយ។

២៖ បញ្ឈប់ជាបន្ទាន់រាល់ការប្រើប្រាស់ លេខកូដទូរគមនាគមន៍ទាំងឡាយណា ដែលគ្មានការអនុញ្ញាតពីនិយ័តករទូរគមនាគមន៍កម្ពុជា ។

ក្រសួងសង្កត់ធ្ងន់ថា ក្នុងករណីប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត ពុំអនុវត្តតាមការណែនាំខាងលើនេះទេ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នឹងចាត់វិធានការ ម៉ឺងម៉ាត់ ដោយណែនាំឱ្យ និយ័តករទូរគមនាគមន៍កម្ពុជា បង្កករាល់ការស្នើសុំនានារបស់ប្រតិបត្តិករទាំងនោះ ព្រមទាំងចាត់វិធានការ ស្របតាមមាត្រា៦៩ និងមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍៕