(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានធ្វើលិខិតមួយច្បាប់ផ្ញើទៅកាន់ ប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយ និងរដ្ឋាករទូទាំងប្រទេស ដើម្បីឲ្យប្រុងប្រយ័ត្ន ចំពោះគ្រោះអគ្គិភ័យ នៅរដូវប្រាំងហួតហែងគ្មានភ្លៀងនេះ ធ្វើយ៉ាងណាកបង្ការ កុំឲ្យមានអគ្គិភ័យ ឆេះស្នាក់ការគយ ដែលនាំឲ្យបំផ្លាញសម្ភារ ទ្រព្យសម្បត្តិ និងឯកសាររបស់អង្គភាព និងអាចបំផ្លាញរហូតដល់វត្ថុតាង នៃបទល្មើសទៀតផង។
លិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានសរសេរថា «នៅក្នុងរដូវប្រាំងដ៏ក្តៅហួតហែងគ្មានភ្លៀងនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមរំឮកដាស់តឿន ដល់ថ្នាក់ដឹកនាំអង្គភាពគយ និងរដ្ឋាករទាំងអស់ជាថ្មីទៀត ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់ឲ្យបាននូវគ្រោះមហន្តរាយ ដែលអាចជៀសផុតនេះ»៕