(ស្វាយរៀង)៖ លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង កាលព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យ និងលើកទឹកចិត្តដល់សកម្មភាពការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្រុងបាវិត ខេត្តស្វាយរៀង នៅមណ្ឌលវិទ្យាល័យជីភូ និងវិទ្យាល័យបាវិត ព្រមទាំងបានជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យនៅទីនោះ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើង «សម្ដេចតេជោ ហ៊ុន សែន មិនត្រឹមតែស្វែងរកសុខសន្តិភាពជូនជាតិមាតុភូមិប៉ុណ្ណោះទេ ថែមទាំងជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋកម្ពុជា ឲ្យរួចផុតជំងឺកូវីដ១៩ទៀតផង តាមរយៈការស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋបានជាបន្តបន្ទាប់»។
លោកបន្តទៀតថា សម្តេចតេជោ នាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ និងខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំង បង្ការចាក់ជូនប្រជាពលរដ្ឋឲ្យបានគ្រប់ៗគ្នា និងដោយឥតគិតថ្លៃ ដែលលោកទេសរដ្ឋមន្រ្តីបានចាត់ទុកថា «វ៉ាក់សាំងសម្តេចតេជោ គឺជាវ៉ាក់សាំងជីវិត» ជួយបងប្អូនអោយរួចផុតពីជំងឺចង្រៃនេះ។
ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យមកពីបញ្ជាការដ្ឋានកងទ័ពពិសេស ដែលបានបញ្ជូនក្រុមគ្រូពេទ្យមកជួយចាក់វ៉ាក់សាំងនៅក្រុងបាវិត ព្រមទាំងបានជម្រុញឲ្យឪពុកម្ដាយទាំងអស់ត្រូវនាំកូន ដែលមានអាយុចាប់ពី១២-១៧ឆ្នាំ មកចាក់វ៉ាក់សាំងចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ឲ្យបានគ្រប់ៗគ្នា តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ជូនចំពោសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនត្រឹមតែស្វែងរកសុខសន្តិភាពជូនជាតិ មាតុភូមិប៉ុណ្ណោះទេ ថែមទាំងជួយសង្គ្រោដល់អាយុជីវិតរបស់ប្រជាជនកម្ពុជាទៀតផង ។
ទន្ទឹមនឹងនោះ លោកទេសរដ្ឋមន្រ្តី ក៏បានដឹកនាំក្រុមការងារ អញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និង អាជ្ញាធរមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ព្រមទាំងចែកគ្រឿងឧបភោគបរិភោគ និងថវិកាជូនដល់គ្រួសារក្រីក្រ១ និងក្រ២ ចំនួន៥០គ្រួសារ ដែលកំពុងជាប់ធ្វើចត្តាឡីស័ក។ គ្រឿងឧបភោគបរិភោគទាំងនោះរួមមានអង្ករ, ទឹកស៊ីអ៊ីវ, ទឹកត្រី, មី, ម៉ាស់, ត្រីខ និងថវិកាមួយចំនួន។
ពិធីនេះ មានការអញ្ជើញចូលរួមពីលោក ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារសង្កាត់ច្រកម្ទេស, លោក ហូ វុទ្ធី ប្រធានក្រុមការងារសង្កាត់ព្រៃអង្គុញ, លោក គាំ រីបូន ប្រធានក្រុមការងារសង្កាត់បាទី, លោក លឹម សៀងហេង អភិបាលក្រុងបាវិត និងក្រុមប្រឹក្សាសង្កាត់៕