(ព្រះសីហនុ)៖ នាវាមួយគ្រឿងដឹកជនជាតិចិន លួចឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ត្រូវកម្លាំងគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ សហការជាមួយកម្លាំងយោធាមូលដ្ឋាសមុទ្ររាម នៃកងទ័ពជើងទឹក និងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ នៃនាយកដ្ឋាននគរបាលការពារព្រំដែនទឹក នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងភូមិសាស្រ្តកោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានឲ្យដឹងថា ការបង្ក្រាបករណីលួចឆ្លងដែនខុសច្បាប់ តាមផ្ទៃទឹកនេះ កម្លាំងចម្រុះបានឃាត់ខ្លួនជនជាតិចិន៣៦នាក់ និងជនជាតិខ្មែរ២នាក់ (កម្មករ)។
លោកបន្ដទៀតថា ជនសង្ស័យទាំង៣៨នាក់ ខាងលើនេះ (មានលិខិតឆ្លងដែន ចំនួន០៧នាក់) ប៉ុន្តែមិនមានទិដ្ឋាការចូលមកប្រទេសកម្ពុជាទេ។
លោកឧត្តមសេនីយ៍ឯក ទូច ពលៈ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងក្រោមការសម្របសម្រួលពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុផងដែរ។ លោកបានបន្ថែមថា ក្រោយធ្វើការត្រួតពិនិត្យ និងសាកសួរក្រុមនាវិក បានអះអាងថា នាវាមានឈ្មោះ តុងហាយ បានចាកចេញពីកំពង់ផែហ៊្វូអាន ខេត្តហ៊្វូចៀន ប្រទេសចិន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ដោយផ្ទុកមនុស្សចំនួន៣៨នាក់។
ក្រោយចាប់ខ្លួនជនជាតិចិនទាំង៣៦នាក់នេះ ត្រូវបានបញ្ជូនស្នាក់ការត្រៀមបណ្ដេញចេញ នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍៕