(រតនគិរី)៖ ក្រុមការងារចម្រុះរួមមានកម្លាំងបរិស្ថានដែនជម្រកលំផាត់, កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកកូនមុំ, កម្លាំងនគរបាលស្រុកកូនមុំ និងអាជ្ញាធរមូលដ្ឋានឃុំស្រែអង្ក្រង នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានចុះណែនាំគ្រួសារមួយដែលស្នាក់នៅលើដីដែនជម្រកសត្វព្រៃលំផាត់ ដែលមានប្តីឈ្មោះ ទេព កែវ និងប្រពន្ធឈ្មោះ ញ៉ែម សាវី។ ជាលទ្ធផល ពួកគាត់ទទួលរើសម្ភារផ្លាស់ទីទៅរស់នៅកន្លែងផ្សេង តែសុំពេល ១៥ថ្ងៃ។
ទីតាំងខាងលើនេះ មានផ្ទៃដីទំហំ១០ហិចតាកន្លងទៅ ក្រុមហ៊ុនហ័ងអាញ់សំណើរសុំខ្ចីក្រសួងបរិស្ថាន សម្រាប់ធ្វើថ្នាលពូជបណ្តោះអាសន្ន និងទីស្នាក់ការសម្រាប់ដាក់ឈើ។ លុះដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ ខាងក្រុមហ៊ុនហ័ងអាញ់បានធ្វើការឈូសឆាយដាំដុះ, មានទីស្នាក់ការកន្លែងធ្វើការរួចរាល់អស់ហើយ ដូច្នេះក្រុមហ៊ុន ធ្វើការប្រគល់ដីចំនួន១០ហិចតា នៅចំណុចរោងម៉ាស៊ីនជួសជុលរថយន្តនៅក្បែរគល់ស្ពានស្រែពក និងចំណុចរោងម៉ាស៊ីនកែច្នៃផល-អនុផលព្រៃឈើដែលស្ថិតនៅក្នុងភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ជូនមកដែនជម្រកសត្វព្រៃលំផាត់គ្រប់គ្រងវិញ។
លោក សឿង ខេមរៈ ប្រធានការិយាល័យដែនជម្រកសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តរតនគិរី ថ្លែងឲ្យដឹងថា ក្រុមការងារ មានគោលបំណងឲ្យគ្រួសារខាងលើយកសម្ភារចេញទៅរស់នៅកន្លែងផ្សេង ព្រោះថាគ្រួសារគាត់មកស្នាក់នៅដោយពុំ មានការអនុញាត ពីខាងទីស្នាក់ដែនជម្រកលំផាត់ និងអាជ្ញាធរមូលដ្ឋាននោះទេ។
លោកបន្តថា ទីតាំងខាងលើនេះត្រូវដកទុកជាទ្រព្យសម្បត្តិរដ្ឋហើយដីទំហំ១០ហិចតានេះ ក្នុងនោះដីទំហំ១,៣ហិចតា ដែលគ្រួសារឈ្មោះ ទេព កែវ និង ញ៉ែម សាវី ស្នាក់នៅបណ្តោះអាសន្ន, ក្រៅពីនោះដែរមានគ្រួសារលោក ស្រេង វីធី, គ្រួសារលោកស្រី ជិន ហ៊ាង, គ្រួសារលោកស្រី វ៉ុន ស៊ាងអ៊ី និងគ្រួសារលោក ខន ខារ៉ា ព្រមចាកចេញក្នុងរយៈពេល១៥ថ្ងៃ ដោយមានការពន្យល់ណែនាំពីក្រុមការងារចម្រុះ ហើយលទ្ធផលទទួលយកបានទាំងអស់គ្នា ប្រកបដោយមនោសញ្ចេតនាគោរពស្រលាញ់ក្នុងនាមខ្មែរដូចគ្នា៕