(ពោធិ៍សាត់)៖ សាកសពកុមារីម្នាក់ ត្រូវបានគេប្រទះឃើញក្នុងទឹកស្ទឹងពោធិ៍សាត់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅរសៀល ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅចំណុចដងស្ទឹងពោធិ៍សាត់ ម្តុំធ្វើពាង ស្ថិតនៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់។
លោក ឈន រិទ្ធ អធិការនគរបាលក្រុងពោធិ៍សាត់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកនេះថា ៖ កុមារីដែលស្លាប់នោះមានឈ្មោះ ច្រឹក សៅនី អាយុ៤ឆ្នាំ មានឪពុកឈ្មោះ វ៉ា ឡៃអ៊ី អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះ ម៉ៅ សុភី អាយុ២៨ឆ្នាំ រស់នៅភូមិពេង ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃកើតហេតុខាងលើបានមកលេងផ្ទះបងប្អូន នៅភូមិថ្នល់ជប៉ុន សង្កាត់រលាប ក្រុងពោធិ៍សាត់។
ម្តាយកុមារីបានឲ្យដឹងថា មុនពេលកើតហេតុ កូនរបស់គាត់ បានអង្គុយលេងលើរានផ្ទះក្បែរស្ទឹង កាលពីវេលាម៉ោង១រសៀល ភ្លាមៗនោះក៏បាត់កូន ក៏នាំគ្នាផ្អើលឆោឡោតាមរក រហូតដល់ម៉ោង៥៖៤០នាទី ទើបរកឃើញសពក្មេងស្រីនៅក្នុងស្ទឹង។
នៅពេលសមត្ថកិច្ចមកដល់ ធ្វើកោសល្យវិច្ឆ័យ បានសន្និដ្ឋានថា កុមារីរងគ្រោះបានស្លាប់ដោយសាររអិលជើងធ្លាក់ចូលស្ទឹង ពិតប្រកដមែន។
ដំណឹងនេះបានទៅដល់ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចាត់ឲ្យលោក ចាប នាង អភិបាលក្រុងពោធិ៍សាត់ ចូលរួមរំលែងទុក្ខដល់គ្រួសារសព និងបានផ្តល់នូវថវិកា១៤ម៉ឺនរៀល និងអង្ករ៦០គីឡូក្រាម សម្រាប់ចាត់ចែងធ្វើបុណ្យទៅតាមប្រពៃណី៕