(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានបង្ក្រាបករណីចោរលួចសត្វគោរបស់ប្រជាពលរដ្ឋចំនួន ៣ក្បាល ដឹកនាំតាមរថយន្ត កាលពីវេលាម៉ោង ១រំលងអាធ្រាត្រយប់ចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ចំណុចមុខវិទ្យាល័យកកោះ ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានប្រាប់ប្រាប់ភ្នាក់ព័ត៌មាន Fresh News ប្រចាំខេត្តបន្ទាយមានជ័យ មានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ សោន ម៉ាញ អាយុ៤៥ឆ្នាំ រស់នៅភូមិស្នោ ឃុំត្រពាំងស្នោ ស្រុកព្រះវិហារ ខេត្តព្រះវិហារ។

លោកបានបន្តថា ការឃាត់ចោរលួចគោម្នាក់នេះបានធ្វើឡើង ក្រោយពីទទួលព័ត៌មានពីម្ចាស់គោឈ្មោះ វ៉ាត់ ផុន អាយុ៥៣ឆ្នាំ នៅភូមិប្រាសាទ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យថា នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ មានចោរចូលលួចគោញីរបស់គាត់ដល់ទៅចំនួន ៣ក្បាល ដែលចងទុកនៅនឹងផ្ទះដឹកតាមរថយន្តម៉ាកហុកឡកូរេ ពណ៌ខៀវ ពាក់ស្លាកលេខកំពត 2A-0595។

លោកអធិការបានបន្ថែមថា ក្រោយពីបានទទួលព័ត៌មានភ្លាម លោកបានដឹកនាំកម្លាំងនគរបាលមួយក្រុមពួនចាំស្ទាក់ផ្លូវចេញចូលទៅភូមិប្រាសាទ លុះនៅវេលាម៉ោងជិត២យប់ ឈានចូលថ្ងៃទី២៦ ស្រាប់ឃើញរថយន្តដូចមានភិនភាគ ម្ចាស់គោ បានរាយការណ៍កំពុងបើកនៅលើផ្លូវជាតិលេខ៥៦A កម្លាំងនគរបាលបានធ្វើការឃាត់ត្រួតពិនិត្យបានឃើញមានដឹកគោញីចំនួន៣ក្បាល ពិតប្រាកដ។

លោកអធិការបានបញ្ជាក់ថា ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ទាំងជនសង្ស័យ និងវត្ថុតាង ត្រូវបាននាំយកមកអធិការដ្ឋាននគរបាលស្រុកស្វាយចេក ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់។ ចំណែកសត្វគោទាំង៣ក្បាល ត្រូវប្រគល់ជូនម្ចាស់ដើមវិញ៕