(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បាននាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋកមន្ដ្រីកម្ពុជា ទៅប្រគល់ជូនលោកតា លោកយាយ អាយុជាង ១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៣នាក់ ដែលក្នុងម្នាក់ទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
លោកតា លោកយាយ ចំនួន ៣នាក់ ដែលទទួលបានថវិកាលើកទឹកចិត្ដ ម្នាក់ចំនួន៣លានរៀល ពី សម្ដេចតេជោ រួមមាន៖
១៖ លោកយាយ ទូច ហាន អាយុ ១០១ឆ្នាំ រស់នៅភូមិ រកាកោង១ ឃុំរកាកោង ស្រុកមុខកំពូល ខេត្ដកណ្ដាល
២៖ លោកយាយ ស៊ុ ថាប់ អាយុ ១០០ឆ្នាំ រស់នៅភូមិស្វាយជ្រុំ ឃុំ អរិយក្សត្រ ស្រុកកណ្ដាល ខេត្ដកណ្ដាល
៣៖ លោក តា សុខ ឡេង អាយុ ១០៣ឆ្នាំ រស់នៅភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «កាលពីដើមខែកក្កដា កន្លងទៅយើងបានរកឃើញលោកតា លោកយាយ អាយុជាង១០០ឆ្នាំ ដែលស្ម័គ្រចិត្ដមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៨នាក់ ដែលក្រុមការងារយើង បាននាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រគល់ជូនដល់លោកតា លោកយាយរួចមកហើយ។ សម្រាប់វគ្គនេះ យើងបានរកឃើញ ១៣នាក់បន្ថែមទៀត មានអាយុចាប់ពី១០០ឆ្នាំឡើងទៅ ដោយព្រឹកនេះយើងបាននាំយកថវិការបស់សម្ដេចតេជោ ប្រគល់ជូនលោកតា លោកយាយ ចំនួន៣នាក់រួចរាល់ នឹងប្រគល់ជូនពួកគាត់ជាបន្ដបន្ទាប់រហូតគ្រប់ចំនួន»៕
លោកស្រី ឱ វណ្ណឌីន បានថ្លែងបន្ដថា គិតត្រឹមយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,៧៤១,៧៨២នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦៧.៤២%។
ក្នុងឱកាសនោះ លោកស្រី ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ នាំកូនអាយុចាប់ពី១២ឆ្នាំដល់១៧ឆ្នាំ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ១២-១៧ឆ្នាំ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅវិមានសន្តិភាព ព្រមទាំងធ្វើសន្និសិទកាសែតផងដែរ ដោយសម្តេចនឹងនាំយកចៅៗរបស់សម្តេចទាំងអស់ ដែលមានអាយុ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនរូបទៀតទៅទទួលវ៉ាក់សាំងផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ចេញផែនការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ជូនដល់ក្មេងចាប់ពីអាយុ ១២ឆ្នាំ ដល់ ១៧ឆ្នាំ ដើម្បីបង្កើតភាពសាំក្នុងសង្គម និងឈានទៅដល់ការបើកសកម្មភាពសង្គមឱ្យកាន់តែទូលាយ ជាពិសេសការបើកសាលារៀនឡើងវិញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។ តែសម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាល នឹងនាំកូនៗទៅទទួលវ៉ាក់សាំង។
បើទោះបីជាយ៉ាងណាសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តស្មារតីប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ជាពិសេសវិធាន «៣ការពារ និង៣កុំ»៕