(បន្ទាយមានជ័យ)៖ ពលករខ្មែរ១គ្រួសារមានប្តី ប្រពន្ធ និងកូនប្រុសស្រីតូចៗ៣នាក់ នៅពេលដឹងខ្លួនថាឆ្លងកូវីដ១៩ ក៏ដាច់ចិត្តដើរកាត់ព្រៃទាំងប្រថុយប្រថានត្រឡប់មកស្រុកកំណើតវិញ ក៏ត្រូវនគរបាលការពារព្រំដែនគោកលេខ ៩១១ និងយោធាកងពល៥១ ឃាត់ខ្លួននៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នៅខាងមុខស្តាហ្គោល ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលការពារព្រំដែន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះថា តាមការសាកសួរ ស្រ្តីជាប្រពន្ធបានឆ្លើយថា ក្រុមគ្រួសាររបស់កាត់ដើរកាត់ព្រៃទាំងប្រថុយប្រថានចេញពីប្រទេសថៃ វិលមកផ្ទះវិញព្រោះ ពួកគាត់ធ្លាក់ខ្លួនឈឺសង្ស័យឆ្លងកូវីដ១៩។
ពួកគាត់ជាអាជីវករលក់ដូរនៅផ្សាររុងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ និងមានទីលំនៅក្នុងសង្កាត់ប៉ោយប៉ែត។ មន្ត្រីនគរបាលបានបញ្ជាក់ថា ពួកគាត់ទៅប្រទេសថៃនោះតាមរយៈមេខ្យល់២នាក់ ជួយឆ្លងដែនកាលពីពេល កន្លងទៅ តែជនសង្ស័យទាំង២នាក់នោះ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយដែរ។ គាត់បន្តថា ពេលទៅដល់ស្រុកថៃ ស្ថានភាពគ្រួសាររបស់គាត់ បានធ្លាក់ខ្លួនឈឺ មិនអាចនៅដីថៃទៀតបាន ក៏បង្ខំចិត្តនាំគ្នាឆ្លង ដែនចូលមកកម្ពុជាដោយខ្លួនឯងតែម្តង។
ក្រោយសាកសួរ និងធ្វើកំណត់ហេតុ ពួកគេទាំង៥នាក់ ត្រូវបាននគរបាលការពារព្រំដែនគោកលេខ៩១១ និងយោធាកងពល៥១ បញ្ជូនតាមរថយន្តយោធាយកទៅធ្វើចត្តាឡីស័កនៅទីតាំងមួយក្នុងក្រុងប៉ោយប៉ែត។ ពេលបញ្ជូនទៅដល់មណ្ឌល ធ្វើចត្តាឡីស័ក ក្រុមគ្រូពេទ្យ ក៏បានធ្វើតេស្តរហ័ស ហើយក៏រកឃើញវិជ្ជមានតែម្តង។ នេះពិតជាសំណាងហើយ ដែលកម្លាំងជួរមុខទប់ស្កាត់ទាន់ពេល កុំអីអាចរីករាលដាលបន្តទៅអ្នកដទៃ៕