(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី២៦ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលជាស៊េរីស្តីពី «ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២១» ជូនសិក្ខាកាមគោលដៅសរុប ៣២០នាក់ ដែលជាមន្ត្រីរាជការក្រសួង-ស្ថាប័ន ទទួលបន្ទុកការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ពិធីបើកវគ្គបណ្តុះបណ្តាលធ្វើឡើងតាមប្រព័ន្ធអនឡាញ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមដោយអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, គ្រូឧទ្ទេស និងសិក្ខាកាម។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំឡើង ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការពង្រឹងពង្រីកចំណេះដឹង និងសមត្ថភាព ជូនថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង-ស្ថាប័ន ពាក់ព័ន្ធទៅនឹងនីតិវិធីនៃការរៀបចំថវិកា, គណនេយ្យសាធារណៈ, នីតិវិធីអនុវត្តកិច្ចលទ្ធកម្មសាធារណៈ, ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ របស់អង្គភាពថវិកាក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួង-ស្ថាប័ន ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា ក្នុងបរិការណ៍សកលូបនីយកម្មសេដ្ឋកិច្ច, ការប្រែប្រួលអាកាសធាតុ, ការគំរាមពីការរាតត្បាតនៃជំងឺឆ្លងកាចសាហាវជាសកល រួមនឹងការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន គឺកម្ពុជាចាំបាច់ត្រូវរៀបចំខ្លួនឱ្យបានល្អ ខាងសមត្ថភាព និងធនធាន ដើម្បីរក្សាបាននូវសមត្ថភាពប្រកួតប្រជែង និងចីរភាពនៃ សមិទ្ធផលកន្លងមក ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ដើម្បីឈានទៅស្ដារសេដ្ឋកិច្ចឡើងវិញ នៅក្រោយវិបត្តិនៃការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ។
លោករដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ បូក២ ក្នុងគោលដៅដើម្បី «ពង្រឹងប្រសិទ្ធភាពនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ» និង «បញ្ចប់ការរៀបចំខ្លួនឆ្ពោះទៅគណនេយ្យភាពសមិទ្ធកម្ម» នៅដំណាក់កាលទី៤ខាងមុខ ព្រមជាមួយការផ្ទេរនូវភាពជាម្ចាស់ និងការទទួលខុសត្រូវ កាន់តែច្រើនជាងមុន ទៅដល់គ្រប់ក្រសួង-ស្ថាប័ន។
ទន្ទឹមនេះ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក៏ត្រូវបានដាក់ឱ្យអនុវត្តនៅតាមគ្រប់ក្រសួង-ស្ថាប័ន ដើម្បីធានាតម្លាភាព, ប្រសិទ្ធភាព, សង្គតិភាព និង ទាន់ពេលវេលានូវព័ត៌មានហិរញ្ញវត្ថុ ដែលជាតម្រូវការចាំបាច់របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគ្រប់ក្រសួង-ស្ថាប័ន សម្រាប់អនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងភាពគ្រប់ជ្រុងជ្រោយ។
លោក ហ៊ាន សាហ៉ីប បានសង្កត់ធ្ងន់ថា ការណ៍នេះ ធ្វើឱ្យការកសាង និងការអភិវឌ្ឍសម្ថភាព កាន់តែមានសារសំខាន់ ពីព្រោះគ្រប់ក្រសួង-ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ សុទ្ធតែត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញ និងអង្គភាពថវិកា ដែលជាឧបករណ៍ និងជាយន្តការគន្លឹះ សម្រាប់សម្រេចគោលបំណងគោលនយោបាយ ក្នុងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល៕