(កំពត)៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោតចំនួន១៧ លើ១៧ សម្រាប់ការបោះជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងបូកគោ ខេត្តកំពត បានប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខណៈគណបក្សនយោបាយ ចំនួន៣ទៀត មិនទទួលបានសម្លេងនោះឡើយ។
លោក តែ ជិនណារិទ្ធិ ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត បានលើកឡើងថា ក្រុងបូកគោ ជាក្រុងដែលទើបត្រូវបានរាជរដ្ឋាភិបាលបានបង្កើតឡើងថ្មី ហើយដើម្បីឲ្យស្របតាមច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺទើបឈានដល់ការរៀបចំការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាក្រុងនេះឡើង ក្រោមការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅ គជប ដែលជាស្ថាប័នអព្យាក្រឹត្យជាអ្នករៀបចំធ្វើឡើង ឲ្យស្របទៅតាមច្បាប់កំណត់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
រីឯដំណើរការបោះឆ្នោតនេះ រួមមានគណបក្សនយោបាយចុះក្នុងបញ្ជីចូលរួមប្រកួតប្រជែងបោះឆ្នោតចំនួន៤ រួមមាន៖
*ទី១៖ គណបក្សប្រជាជនកម្ពុជា
*ទី២៖ គណបក្សយុវជនកម្ពុជា
*ទី៣៖ គណបក្សសញ្ជាតិកម្ពុជា
ទី៤៖ គណបក្សហ៊្វុនស៊ិនប៉ិច។
លោកបានបន្តថា ដំណើរការនៃការបោះឆ្នោតពេលនេះ គឺចាប់ដើមទីដំបូងមានគណបក្សនយោបាយទាំង៤ បានចូលរួមធ្វើយុទ្ធនាការឃោសនា រយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ហើយត្រូវបានបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោត។
លោកប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត ក៏បាបញ្ជាក់ថា ដំណើរការនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោអាណត្តិទី១នេះ បានប្រព្រឹត្តិទៅដោយរលូនទាំងសន្តិសុខ សណ្តាប់ធ្នាប់ និងបរិយាកាស នៃការបោះឆ្នោត គ្មានការបង្ខិតបង្ខំ គំរាមកំហែង រក្សាការសម្ងាត់ មានតម្លាភាព និងមានការឯកភាព ពីភាគីចូលរួម និងពាក់ព័ន្ធ ថាអាចទទួលយកបាន។ ជាលទ្ធផលបណ្ដោះអាសន្ន គណបក្សប្រជាជនកម្ពុជាទទួលបានសន្លឹកឆ្នោត ១៧ លើ១៧សម្លេង នៃអង្កបោះឆ្នោត។
នៅទីតាំងបោះឆ្នោតខាងលើលោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានចូលរួមដឹកនាំកម្លាំងការពារ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងបរិវេណនៃមណ្ឌលបោះឆ្នោតផងដែរ។
នៅក្នុងឱកាសនោះ លោកអភិបាលខេត្តបានថ្លែងថា ក្រុងបូកគោមាន៣សង្គាត់ និង១១ភូមិ មានផ្ទៃដីសរុបប្រមាណ១៥២គីឡូវម៉ែត្រការ៉េ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុងបូកគោអាណត្តិទី១នេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត សម្រាប់ខេត្តកំពត នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងដំណើរឈានទៅរកការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជីវភាពប្រជាពលរដ្ឋ ឲ្យបានកាន់តែរីកចំរើនបន្ថែមទៀត។
គួររំលឹកថា ក្រុងបូកគោ ត្រូវរាជរដ្ឋាភិបាលសម្រេចឲ្យបង្កើតថ្មី ដែលត្រូវកាត់ចេញពីស្រុកទឹកឈូ ខេត្តកំពត ដោយមានឃុំចំនួន៣ រួមមាន៖ ឃុំបឹងទូក, ឃុំកោះតូច និងឃុំព្រែកត្នោត តាមអនុក្រឹត្យលេខ៣៨ អនក្រ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១៕