(កណ្តាល)៖ ស្ត្រីម្នាក់ដែលលួចទឹកគោ ១កំប៉ុង នៅក្នុងផ្សារទំនើបមួយកន្លែង ដើម្បីឱ្យជីដូនដែលឈឺហូបបាយមិនកើតនៅផ្ទះទទួលទាន ត្រូវបានព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល សម្រេចមិនចោទប្រកាន់ និងបានដោះលែងវិញហើយ ព្រមទាំងបានជួយឧបត្ថម្ភថវិកាដល់រូបគាត់ចំនួន១៥០ដុល្លារផងដែរ។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។
ស្ត្រីខាងលើនេះ មានឈ្មោះ យ.ស.ដ ស្នាក់នៅផ្ទះជួលភូមិផ្សារសាមគ្គី សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានបន្លំលួចម្សៅទឹកដោះគោ១កំប៉ុង ដើម្បីយកទៅឱ្យជីដូនដែលឈឺហូបបាយមិនកើតនៅផ្ទះ តែត្រូវសន្តិសុខផ្សារឡាក់គី ឃើញក៏បានឃាត់ខ្លួនឱ្យសមត្ថកិច្ចអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។ ប៉ុន្តែមិនមានចំណាត់ការផ្លូវច្បាប់ដែលយកបុគ្គលឈ្មោះ យ.ស.ដ ទៅដាក់ទោសនោះទេ។
សូមជម្រាបថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់ឱ្យក្រុមការងារប្រតិកម្មរហ័សខេត្ត ធ្វើការស្រាវជ្រាវឆ្លើយតបបំភ្លឺករណីខាងលើ។
ចំពោះករណីអំពើលួចនេះ កើតហេតុកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១០៖៣០នាទី នៅចំណុចផ្សារឡាក់គីភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល៕