(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានលើកឡើងថា ជំនួយជាបន្តបន្ទាប់របស់ប្រទេសជប៉ុន បានឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសទាំងពីរ។
លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងបែបនេះ នៅក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពី ការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ជូនដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ។
ប្រមុខការទូតកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជំនួយដែលបានផ្តល់មកជាបន្តបន្ទាប់របស់ប្រទេសជប៉ុន ដល់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសយើងទាំងពីរ និងការគាំទ្រឥតឈប់ឈររបស់ប្រទេសជប៉ុនចំពោះការអភិវឌ្ឍរយៈពេលវែងនៅប្រទេសកម្ពុជា»រដ្ឋាភិបាលជប៉ុន នៅថ្ងៃនេះបានផ្តល់ជំនួយចំនួន ៣៦២ លានយ៉េន ដែលស្មើនឹងប្រមាណ ៣.៣លានដុល្លារអាមេរិកថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១។
តាមរយៈគម្រោងនេះ មន្រ្តីរាជរដ្ឋាភិបាលកម្ពុជាចំនួន ២៦រូប (ដែលក្នុងនោះ២៤រូប រៀនថ្នាក់អនុបណ្ឌិត និង២រូប រៀនថ្នាក់បណ្ឌិត) នឹងទទួលបានអត្ថប្រយោជន៍ពីការទៅបន្តការសិក្សាកម្រិតខ្ពស់នៅក្នុងប្រទេសជប៉ុន ។
កាលពីពេលថ្មីៗនេះ ជប៉ុនក៏បានប្រកាសផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១លានដូស ជូនដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ ក្នុងនោះជំនួយវ៉ាក់សាំងជើងទី១ ចំនួន៣៣លានដូស ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១។
ក្រៅពីជំនួនទាំងនេះ ជប៉ុនក៏កំពុងគាំទ្រយ៉ាងខ្លាំងក្លាដល់កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្ដល់ជំនួយឥតសំណងជាង ៥០លានដុល្លារ និងប្រាក់កម្ចីប្រមាណ ២៣០លានដុល្លារផងដែរ។
លោកប្រាក់ សុខុន បានបញ្ជាក់បន្ថែមថា៖ ក្នុងនាមប្រជាជនកម្ពុជា សម្តេចតេជោ បានសម្ដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលជប៉ុន និងបានពិពណ៌នាការបរិច្ចាគនេះថា ជា «ភ័ស្តុតាងថ្មីដែលឆ្លុះបញ្ចាំងពីកាយវិការមនុស្សធម៌ដ៏ជ្រាលជ្រៅ និងការទទួលខុសត្រូវដ៏ធំធេងរបស់ប្រទេសជប៉ុន ក្នុងការគាំទ្រប្រទេសដែលមានធនធាន និងលទ្ធភាពនៅមានកម្រិត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩»។
កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងកម្ពុជា និងជប៉ុន មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣។ កិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់។
នៅឆ្នាំ២០១៩ កន្លងទៅនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុន មានប្រមាណ២ពាន់លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ១,២ពាន់លាន ហើយជប៉ុនបាននាំចូលមកកម្ពុជា ប្រមាណ ៨០០លាន។ ៩ខែឆ្នាំ២០២០នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានប្រមាណ ៨០០លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅជប៉ុន ប្រមាណ ៥០០លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាប្រមាណ៣០០លានដុល្លារផងដែរ៕