(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានបើកការដ្ឋានសាងសង់ផ្លូវមួយខ្សែ ប្រវែងជាង១គីឡូម៉ែត្រ ចាប់ពីផ្លូវ២១៧ មុខផ្សារស្ទឹងមានជ័យចាស់ រហូតទៅដល់ផ្លូវ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី ក្រោយពីបានដោះស្រាយផលប៉ះពាល់ ជាមួយប្រជាពលរដ្ឋរួចរាល់ កាលពី២សប្តាហ៍មុន។
មន្ត្រីរដ្ឋបាលខណ្ឌមានជ័យ បានឲ្យដឹងថា កំណាត់ផ្លូវនេះជាផ្លូវឲ្យមានលក្ខណៈតូចចង្អៀត ដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទើបអាជ្ញាធររាជធានីភ្នំពេញ ចុះសិក្សាគម្រោងបើកកផ្លួវនេះឲ្យបានធំ ដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងម្យ៉ាងទៀតដើម្បីឲ្យរាជធានីភ្នំពេញ មានសណ្ដាប់ធ្នាប់ល្អប្រសើរផងដែរ។
កំណាត់ផ្លូវនេះមានប្រវែងជាង១គីឡូម៉ែត្រ មានទទឹង១២ម៉ែត្រ, ៩ម៉ែត្រ និងកន្លែងខ្លះ៨ម៉ែត្រ ដោយភ្ជាប់ពីផ្លូវ២១៧ មុខផ្សារស្ទឹងមានជ័យចាស់ រហូតទៅដល់២៧១ មុខមន្ទីរពេទ្យរុស្ស៊ី ឆ្លងកាត់សង្កាត់ចំនួន២ នៅភូមិដំណាក់ធំ ភូមិព្រែកទាល់ និងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់បឹងទំពុនទី១ ភូមិចំរើនផល ក្នុងខណ្ឌមានជ័យ។ កំណាត់ផ្លូវនេះត្រូវស្ថាបនាឡើងដោយការចាក់បេតុង ឆ្អឹងដែក កំរាស់២តឹក ជាមួយនឹងការដាក់លូទំហំ៦តឹក ក្នុងសាច់ផ្លូវនេះផងដែរ។
មន្ត្រីបានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋដែលប៉ះពាល់ក្នុងគម្រោងពង្រឹកផ្លូវនេះ មានចំនួន២០៦ក្បាលដី ស្មើនឹងជាង២៥០គ្រួសារ ដោយពួកគាត់សុខចិត្ត សហការជាមួយអាជ្ញាធរ ក្នុងការរុះរើចេញកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១កន្លងមកនេះ។
ក្នុងឱកាសនោះលោក ឃួង ស្រេង បានណែនាំឱ្យក្រុមហ៊ុនទទួលម៉ៅការស្ថាបនាកំណាត់ផ្លូវនេះ ត្រូវអនុវត្តការងារឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ធ្វើយ៉ាងណាឱ្យផ្លូវថ្មី១ខ្សែនេះ មានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង ពិសេសលើតំណរភ្ជាប់នីមួយៗត្រូវធ្វើឲ្យមានលក្ខណៈហ្មត់ចត់។
លោក ឃួង ស្រេង ក៏បានសុំការយោគយល់ពីប្រជាពលរដ្ឋប៉ះពាល់គម្រោងផ្លូវនេះ ដែលរស់នៅអមសងខាងផ្លូវនេះ ចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីឱ្យក្រុមហ៊ុនស្ថាបនាបានរួចរាល់ទៅតាមការគ្រោងទុក ងាយស្រួលប្រជាពលរដ្ឋធ្វើដំណើរផងដែរ។
គួរបញ្ជាក់ថា ក្នុងសកម្មភាពចុះបើកការដ្ឋានជាផ្លូវការនេះលោក ឃួង ស្រេង បានធ្វើដំណើរដោយថ្មើរជើង ដើម្បីត្រួតពិនិត្យលើការដោះស្រាយ ផលប៉ះពាល់លំនៅដ្ឋានប្រជាពលរដ្ឋដោយចាប់ពីផ្លូវ២១៧ មុខផ្សារស្ទឹងមានជ័យ រហូតដល់ផ្លូវ២៧១ មុខមន្ទីរពេទ្យរុស្ស៊ី៕