(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តក្រើនរំឮកដល់អង្គភាពនានា នៃកងយោធពលខេមរភូមិន្ទ ដែលទទួលភារកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតតាមវិធានការរបស់សុខាភិបាល និងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល «៣ការពារ និង៣កុំ» ដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវនេះ។

ការបញ្ជាក់បែបនេះ របស់ប្រមុខការពារជាតិកម្ពុជា បានធ្វើឡើងបន្ទាប់កងយោធពលខេមរភូមិ បានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ព្រមទាំងបណ្តាខណ្ឌ និងបន្តចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗទៀត ជាដើម។

កងយោធពលខេមរភូមិន្ទ មិនត្រឹមតែបានដើរតួនាទីចម្បងក្នុងការស្វែងរក និងបន្តថែរក្សាសន្តិភាពដែលទទួលបានយ៉ាងលំបាកប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្ម ដើម្បីសង្គ្រោះជាតិពីគ្រោះអាសន្ននានា ជាក់ស្ដែងកងទ័ពបានចូលរួមអស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

តាមរយៈទំព័រ Facebook ផ្លូវការនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អង្គភាពនានានៃកងយោធពលខេមរភូមិន្ទ ដែលទទួលភារកិច្ច ចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្ត ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវនេះ»

ជាការកត់សម្គាល់ការខិតខំប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ ទោះបីជាតំបន់ចាក់វ៉ាក់សាំងនេះ ជាតំបន់រីករាលដាលជំងឺកូវីដ១៩ក្តី។

គិតត្រឹមយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,៧៤១,៧៨២នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦៧.៤២%៕