(កោះកុង)៖ ក្រុមគ្រូអ្នកគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង សហការជាមួយក្រុមគ្រូពេទ្យព្យាបាលកូវីដ១៩ បានជួយសម្រាលកូនឱ្យស្ត្រីមានវិជ្ជមានកូវីដ១៩ មួយករណីទៀត បានដោយជោគជ័យ នាវេលាម៉ោង២១យប់ នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បើទោះបីកូនមានទម្រង់បញ្ច្រាស់ជើងក៏ដោយ។
លោក ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានឱ្យដឹងថា «នេះជាករណីលើកទី១១ហើយ ដែលក្រុមលោកគ្រូអ្នកគ្រូពេទ្យផ្នែកសម្ភព នៃមន្ទីរពេទ្យបង្អែក សហការជាមួយក្រុមគ្រូពេទ្យព្យាបាលកូវីដ១៩ បានជួយសម្រាលកូនឱ្យស្ត្រីមានវិជ្ជមានកូវីដ១៩ ដោយជោគជ័យដោយគ្មានបាត់បង់ជីវិត ស្ត្រីមានជំងឺកូវីដ១៩ឡើយ គឺពុំមានគ្រោះថ្នាក់អ្វីឡើយទាំងម្តាយ និងកូន ថែទាំសុខភាពពួកគាត់បានយ៉ាងល្អប្រសើរថែមទៀតផង»។
លោក ហៃ ឡៃសុន បានបន្តថា ក្រុមគ្រូពេទ្យជួរមុខបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចប្រកបដោយឆន្ទៈ និងកាទទួលខុសត្រូវខ្ពស់ ទោះបីត្រូវប៉ះពាល់ប្រឈមយ៉ាងណាក៏គ្រប់ម៉ោងគ្រប់ពេលវេលាមិនថាយប់ ឬថ្ងៃនោះទេ ព្រោះនេះកាតព្វកិច្ចរបស់ក្រុមគ្រូពេទ្យ មិនថាអ្នកមានវិជ្ជមានជំងឺកូវីដ១៩ និងជំងឺធម្មតានោះទេ គឺក្រុមលោកគ្រូពេទ្យត្រូវបំពេញតួនាទីរបស់ខ្លួនជាគ្រូពេទ្យប្រកបដោយក្រុមសីលធម៌ វិជ្ជាជីវៈជាគ្រូពេទ្យ។
លោកបានបញ្ជាក់បន្ថែមថា ដើម្បីអនុវត្តនូវអនុសាសន៍របស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យបានប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីចូលរួមទប់ស្កាត់ការពារជំងឺកូវីដ១៩ កុំឱ្យមានការរីករាល ឆ្លងចូលក្នុងសហគមន៍ក្នុង «ព្រឹត្តការណ៍២០កុម្ភៈ» ពីព្រោះជំងឺកូវីដ១៩នេះ នៅតែមានហានិភ័យខ្ពស់ដដែល។
បន្ថែមពីទៀត លោកក៏អំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវចូលរួមទប់ស្កាត់ការពារនៃជំងឺកូវីដ១៩ និងអនុវត្តនូវវិធានការណ៍ «៣ការពារ និង៣កុំ» ឱ្យបានជាប់ជានិច្ច និងមានអនាម័យថែរក្សាបរិស្ថាន ក្នុងការរស់នៅឱ្យខ្ពស់ជាប្រចាំ៕