(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្ត នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងស្រុកចិត្របុរី ដែលមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ១៩ តាមការអនុវត្តផែនការជំហាន យុទ្ធសាស្រ្តប្រយុទ្ឋប្រឆាំងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងឱកាសនេះដែរ អភិបាលខេត្តបានផ្តាំផ្ញើរ និងសួរសុខទុក្ខពីសម្តេចប្រមុខដឹកនាំរាជរដ្ឋាភិបាល និងថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានស្ម័គ្រចិត្តចូលរួមយ៉ាងផុលផុស ក្នុងការមកទទួលថ្នាំវ៉ាក់សាំងការពារខ្លួន គ្រួសារ និងសង្គមជាតិ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា នៅតែបន្តផ្ដល់នូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស ដោយមិនគិតថ្លៃឡើយ បើទោះបីជាស្ថិតក្នុងតម្លៃណាក៏ដោយ គឺដើម្បីជួយសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួន។
លោកអភិបាលបានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យអនុវត្តវិធានការ ការពាររបស់ប្រមុខរាជរដ្ឋាភិបាលគឺ «៣ការពារ និង៣កុំ» ទោះបីជាទទួលបានការចាក់វ៉ាក់សាំងរួចរាល់ហើយក៏ដោយ ព្រោះជំងឺកូវីដ១៩នេះ ពិតជាសាហាវណាស់ តែបើយើងបានទទួលវ៉ាក់សាំង គឺងាយស្រួលក្នុងការព្យាបាល ដោយត្រូវស្តាប់តាមការណែនាំរបស់គ្រូពេទ្យ។
ម្យ៉ាងវិញទៀត បើទោះបីជាបងប្អូនបានចាក់ថ្នាំវ៉ាក់សាំងដូសទី១ ឬបានចាក់ដូសទី២ រួចរាល់ហើយក៏ដោយ ក៏ត្រូវរក្សាវិធានការ «៣ការពារ និង៣កុំ» របស់ប្រមុខរាជរដ្ឋាភិបាល ឱ្យបានខ្ជាប់ខ្ជួន ទើបអាចរួចខ្លួនពីជំងឺកូវីដ១៩ ប្រភេទថ្មី (COVID-19 Delta) ដែលមានប្រភពមកពីក្រៅប្រទេស។
ក្នុងនោះដែរ លោក វ៉ា ថន ក៏បានធ្វើការណែនាំដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរ ដែលស្ថិតនៅក្នុងទីតាំងកំពុងចាក់វ៉ាក់សាំង សូមយកចិត្តទុកដាក់ថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ រក្សាគម្លាត និងត្រូវណែនាំដល់ពួកគាត់ឱ្យពាក់ម៉ាស់ លាងដៃ និងអាកុល មិនត្រូវប្រជ្រៀតដណ្តើមគ្នា ដើម្បីចាក់វ៉ាក់សាំងនោះឡើយ ព្រោះថាអាចនឹងមានហានិភ័យ នៃការឆ្លងរាលដាលជំងឺកូវីដ១៩នេះ មកដល់ខ្លួនយើង និងក្រុមគ្រួសារខ្លួនវិញ៕